2024-02-08 03:02
124

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) បានបញ្ចប់ការប្រកួតជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ (១/៤)ហើយ ដោយលទ្ធផល ៤ប្រកួត សុទ្ធតែបញ្ចប់ក្នុងលទ្ធផលឈ្នះ-ចាញ់ កាលពីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែលក្រុម ទទួលបានជ័យជម្នះ រួមមានក្រុមការពារតំណែងជើងឯក វិសាខា, ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងបឹងកេត។

 សម្រាប់ក្រុមជើងឯក ៣សម័យជាប់គ្នា វិសាខា បានយកឈ្នះក្រុមម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី ទាំងប្រផិតប្រផើយ ១-០ នៅកីឡដ្ឋានព្រៃវែង។ រីឯក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ៤-១។ 

 ចំណែកក្រុមភ្នំពេញក្រោន យកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-០។ ដោយឡែកក្រុមបឹងកេត គឺជាក្រុមម្ចាស់ផ្ទះតែមួយគត់ ដែលទទួលបានជ័យជម្នះក្នុងជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រខាងលើ ក្រោយយកឈ្នះក្រុម ISI ដង្កោសែនជ័យ ៤-២ នៅពហុកីឡដ្ឋានជាតិ។ 

 បន្ទាប់ពីចប់ការប្រកួតជើងទី១ នេះដែរ ក្រុមនីមួយៗ នៅសល់ឱកាសប្រកួតជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីស្វែងរកបេក្ខភាពឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ (ថ្នាក់ជាតិ) ពោលគឺបើគ្មានការប្រែប្រួលទេ ការប្រកួតផ្លាស់ប្ដូរទឹកដីនេះ នឹងធ្វើឡើងនាថ្ងៃទី២១ ខែកុម្ភៈខាងមុខ៕