2024-02-13 05:02
123

 ការប៉ះគ្នារវាង ក្រុមបញ្ជាការដ្ឋានអង្គរក្ស និង ក្រសួងមហាផ្ទៃ បានក្លាយជាជំនួបគួរឲ្យចាប់អារម្មណ៍បំផុតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទះតេជោលីគ ឆ្នាំ២០២៤។

 ក្រុមទាំងពីរនៅសល់ម្នាក់១ប្រកួតដូចគ្នាក្នុងវគ្គវិលជុំសន្សំពិន្ទុ ជុំទី២ ដោយក្រសួងមហាផ្ទៃត្រូវប៉ះក្រុមនគរបាលខេត្តពោធិ៍សាត់ ខណៈបញ្ជាការដ្ឋានអង្គរក្សប៉ះក្រុមខ្លាំងវិសាខា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ទោះជាលទ្ធផលប្រែប្រូលយ៉ាងណា ក៏ក្រុមបញ្ជាការដ្ឋាននៅតែឈរលេខ២ និងក្រុមក្រសួងមហាផ្ទៃនៅតែឈរលេខ៣។ឆ្លងកាត់១១ប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុ បញ្ជាការដ្ឋានអង្គរក្ស រកបាន២៦ពិន្ទុ តាមរយៈជ័យជម្នះ៩លើក និងចាញ់២លើក។ ចំណែកក្រសួងមហាផ្ទៃរកបាន២១ពិន្ទុ តាមរយៈជ័យជម្នះ៧លើក និងចាញ់៤លើក។

 បរាជ័យ២លើករបស់បញ្ជាការដ្ឋានអង្គរក្សក្រោមស្នាដៃរបស់ក្រុមវិសាខា កាលពីជុំទី១ និងចាញ់ក្រសួងមហាផ្ទៃ នៅក្នុងជុំទី២ ខណៈបរាជ័យ៤លើករបស់ក្រសួងមហាផ្ទៃក្រោមថ្វីដៃរបស់បញ្ជាការដ្ឋានអង្គរក្ស កាលពីជុំទី១ វិសាខា ក្នុងជុំទី១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំទី១ និងវិសាខាជុំទី២។

 ជួបគ្នា២លើកកន្លងមក ក្រុមទាំងពីរពិតជាស្វិតស្វាញខ្លាំងមែនទែន។ នៅជុំទី១ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រសួងមហាផ្ទៃដោយលទ្ធផល ៣សិតទល់២ ប៉ុន្តែនៅជុំទី២ ក្រសួងមហាផ្ទៃសងសឹកបញ្ជាការដ្ឋានអង្គរក្សបានសម្រេចតាមរយៈជ័យជម្នះ៣សិតទល់២វិញ។

 ក្រុមបញ្ជាការដ្ឋានអង្គរក្សមានសមាជិកបរទេសជាកម្លាំងដ៏សំខាន់គឺកីឡាករឥណ្ឌូណេស៊ី៣រូបស្របពេលក្រសួងមហាផ្ទៃមានកីឡាករវៀតណាម២រូបដ៏ល្អ ប៉ុន្តែបើនិយាយពីកីឡាករខ្មែរវិញ ក្រសួងមហាផ្ទៃមាន មឿន ម៉េងឡាយ និង ធី ម៉េងហួង ជាកម្លាំងដ៏សំខាន់ ដែលប៉ះគ្នានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាចគឺជាការកាត់សេចក្តីស្វែងរកក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

 សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១គូទៀតគឺ ក្រុមខ្លាំងវិសាខា ប៉ះ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ វិសាខាជាក្រុមមានកំណត់ត្រាល្អឥតខ្ចោះដោយឈ្នះទាំង១១ប្រកួត មាន៣៣ពិន្ទុ ឈរលើកំពូលតារាង ខណៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈរលេខ៤ក្នុងតារាង បន្ទាប់ពីឈ្នះ៦ ចាញ់៥ រកបាន១៧ពិន្ទុ៕