2024-02-19 12:02
323

រដ្ឋធានីប៉េកាំង៖ ថ្វីបើមានការគំរាមកំហែងពីសហភាពអឺរ៉ុប បើកការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ អំពីការប្រកួតប្រជែងមិនស្មើភាពគ្នា ដោយសារការឧបត្ថម្ភធនធានពីរដ្ឋាភិបាល ទៅលើក្រុមហ៊ុនរថយន្ដអគ្គិសនីជាច្រើនរបស់ចិន យ៉ាងណាក្ដី ប៉ុន្ដែឥឡូវ ក្រុមហ៊ុនដ៏ធំបំផុតរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ បានចាប់ផ្ដើមបើកយុទ្ធនាការលក់រថយន្ដអគ្គិសនីរបស់ខ្លួន មានតម្លៃថោកបំផុត មិនធ្លាប់មានពីមុនមក។

បណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានផ្សាយ ថា ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់ចិន BYD កាលពីថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ចេញនូវកំណែថ្មី សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន ប្រភេទ Plug-in Hybrid Sedan Qin Plus DM-i (ផ្លាក់-អ៊ីន ហាយប៊្រីដ សេដាន់ ឃ្វីន ផ្លាស់ ឌីអឹម-អ៊ី)។ រថយន្ដស៊េរីនេះ នឹងតម្លៃចាប់ផ្តើមទាប ដោយបានកាត់បន្ថយតម្លៃទ្វេដង ដើម្បីរក្សានូវការប្រកួតប្រជែង នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។

ក្រុមហ៊ុនរថយន្ដអគ្គិសនីដ៏ល្បីល្បាញនៅលើពិភពលោករបស់ចិន BYD បានបញ្ជាក់ ថា រថយន្ដម៉ូដែលថ្មីនេះ មានតម្លៃចាប់ពី ៧៩ ៨០០យន់ (Yuan លុយចិន) ឬស្មើនឹង ១១ ០៩០ដុល្លារអាមេរិក ដោយតម្លៃបានធ្លាក់ចុះ រហូតដល់ភាគរយ បើធៀបនឹងការលក់ កាលពីពេលមុន។ រថយន្តកូនកាត់ Qin Plus ប្រកួតប្រជែងជាមួយនឹងរថយន្តសាំង ដែលលក់ដាច់ជាងគេ ដូចជា Sylphy របស់ Nissan និង Lavida របស់ VW ៕