2024-02-24 03:02
233

ភ្នំពេញ៖ ករណីឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានធ្វើសកម្មភាពដឹកជញ្ជូនថ្មចាក់រំលោភចូលផ្ទៃទន្លេមេគង្គនោះ ជាវិធានបន្ទាប់ត្រូវប្រឈមមុខចំពោះច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងត្រូវផ្តន្ទាទោសពី១ឆ្នាំទៅ៥ឆ្នាំ និង/ឬផាកពិន័យពី៥ទៅ១០លានរៀល។

 នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្តាញសារព័ត៌មានយើងទទួលបាននៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

 ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា៖ សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើស ដែលមានបញ្ញត្តនៅក្នុងមាត្រា ៣៦ នៃច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖ «ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ (៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់ លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ»

 ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងអំណរគុណដល់សាធារណជន អ្នកសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់

 ជាពិសេសរដ្ឋបាលខេត្តកំពង់ចាម ដែលបានចាត់វិធានការបន្ទាន់ ក្នុងការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដែលបានចូលរួមថែរក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយក្រសួងនឹងបន្តតាមដានវិធានការកំណត់ ដែលដាក់ចេញដោយរដ្ឋបាលខេត្តចំពោះភាគីម្ចាស់ដី។

 ក្រោយពីមានការរិះគន់លើបញ្ហាចាក់ថ្មលប់ទន្លេខាងលើ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញសារព្រមានថា «ច្បាប់ត្រូវតែគោរព និងមិនលើកលេងចំពោះជនល្មើសឡើយ»។ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពីលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថា «ពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន» ដោយសកម្មភាពនេះ បានដំណើរការតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មកម្លេះ។ 

 ក្រោយរកឃើញមានបទល្មើស ជាវិធានការបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឲ្យភាគីម្ចាស់ដីដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តន៍ ដូចតទៅ៖ 

 «ត្រូវបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់ជាបន្ទាន់, ទុករយៈពេលយ៉ាងយូរ ៧០ថ្ងៃជាកំណត់ ដើម្បីឲ្យការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ និងមិនត្រូវកាយពង្រាយទន្លេ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅ ថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក ហើយភាគីម្ចាស់ដីត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះមួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ក្នុងនោះក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង»

 អាជ្ញាធរខេត្តកំពុងចាម បានបញ្ជាក់ថា «ចំពោះករណីនេះគ្រាន់ជាវិធានការបឋមប៉ុណ្ណោះ។ ជាវិធានការបន្ទាប់ គឺរដ្ឋបាលខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត»

 សូមបញ្ជាក់បន្ថែមថា ចំពោះបុគ្គលដែលចាក់ថ្មចូលទន្លេនោះ ត្រូវបានគេស្គាល់ថាមានឈ្មោះ ឆៃ អ៊ាង ដែលមានគោរមងារ ជា «ឧកញ៉ា» ដែលជាមនុស្សមានឥទ្ធិពលនៅខេត្តកំពង់ចាមផងដែរ៕