2024-04-02 04:04
89

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាៈ «កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា ក្នុងរាជធានីភ្នំពេញ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ ២០២៤» ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ។

ក្នុងឱកាសដ៏វិសេសវិសាល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកកាន់កម្ពុជា ធ្វើការពិភាក្សាក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ដែលជារបៀបវារៈត្រូវតាមកាលៈទេសៈ និងមាន មហិច្ឆតា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការលើកស្ទួយការជឿនលឿននៃបច្ចេកវិទ្យា និងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាព និងសមធម៌ ។ លើសពីនេះ វេទិការនេះ ក៏ជាសក្តានុពលក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ច និងពង្រឹងទំនាក់ទំនងរវាងប្រជាជាតិអាស៊ាន និងដៃគូសកល និងជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់ជាងមុន សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តទៀតថាៈ «កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ានជាមួយទីតាំងប្រកបដោយឧត្តមភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូន និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃ កិច្ចសហការ ដែលផ្តោតលើការផ្តល់ផលប្រយោ ជន៍ទៅវិញទៅ មក និងសុខុមាលភាពរួម នៅទូទាំងតំបន់»។ ទន្ទឹមនេះ សមាជិកភាពជាយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ ក្នុងតំបន់ និងសកលលោក ដូចជា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន RCEP និង WTO ធ្វើឱ្យកម្ពុជាក្លាយទៅជាតួអង្គប្រកបដោយសមាហរណកម្មខ្ពស់មួយ  នៅក្នុងទីផ្សារសកលដែលពោរពេញដោយ ជវភាព ។

 ផលិតផលដែល  «ផលិតនៅកម្ពុជា» ដូចជា សម្លៀកបំពាក់ និងកង់ មានការ ទទួលស្គាល់នៅទូទាំងសកលលោកនាបច្ចុប្បន្ន ដោយសារគុណភាព និងតម្លៃ ដែលមាន ភាពប្រកួតប្រជែង ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីវត្តមានកាន់តែខ្លាំងឡើង របស់កម្ពុជា នៅលើ ទីផ្សារសកល ។ លើសពីនេះ កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមាន ភាពរឹងមាំ ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់។ 

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត “យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មដែលបច្ចេកវិទ្យាមធ្យមឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗនៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន ព្រមទាំងបានអនុម័ត ច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្រ្ត ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើនដល់គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ ។ 

ជាងនេះទៀត កម្ពុជា ក៏បាននិងកំពុងធ្វើការវិនិយោគ ជាយុទ្ធសាស្ត្រលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធដែលតភ្ជាប់គ្នាទៅវិញទៅមក ដោយរួមបញ្ចូលការអភិវឌ្ឍផ្លូវលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលឡូជីស្ទីកទំនើប ជាដើម ដែលអភិក្រមគ្រប់ជ្រុងជ្រោយនេះនឹងជំរុញការតភ្ជាប់ក្នុងតំបន់ដោយរលូន និងមានប្រសិទ្ធភាព ទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា និងតំបន់អាស៊ានទាំងមូល ហើយការវិនិយោគជាយុទ្ធសាស្ត្រទាំងនេះ នឹងជំរុញឱ្យមានការកាត់បន្ថយចំណាយឡូជីស្ទីក និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃធុរកិច្ច ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីឱ្យពួកគេ អាច ទាញ យកសក្តានុពលដ៏ធំពីទីផ្សារក្នុងតំបន់ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការអះអាងថា «កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់»៕