2024-04-08 04:04
29

ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចុះ        ពិនិត្យមើលការរៀបចំកែលម្អ សោភ័ណភាព និងអនាម័យបរិស្ថាននៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ស្ថិតនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីត្រៀម ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។

នៅក្នុងឪកានោះលោកជំទាវបាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាកនិងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ន្តនានារួមមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ជាមួយគ្នានោះរដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍន៍តំបន់រម្មណីយដ្ឋាន ទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកលេងកម្សាន្ត ចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើនជីវភាពរ់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ។

លោកជំទាវ អភិបាល បានគូសបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពល នៃវិស័យ ទេសចរ ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ អោយកាន់តែល្អប្រឡើងឡើងនោះ លោកជំទាវក៏បានណែនាំអោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត សហការជាមួយមន្ត្រីជំនាញ បន្តធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម័ន្ធ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរ ចូលមកលេងកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅលើទឹកដីត្បូងពេជ្រមួយនេះ។

សូមបញ្ជាក់ថា៖ រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមាន ទឹក ធ្លាក់រហូតដល់ ៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តបានស្ថាបនាផ្លូវបេតុងអាមេ ប្រវែងជាង ៣គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ផងដែរ ។