2024-04-24 08:04
24

ខេត្តកំពត÷ កាលពីព្រឹក ចុងសប្តាហ៍កន្លងទៅនេះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ព្រះវិហារថ្មី ក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ស្ថិតនៅក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នៅក្នុងពិធីខាងលើនេះក៏មានកាអញ្ជើញចូលរួមពីសំណាក់ប្រជាពុទ្ធបរិស័ទ្ធ សប្បុរសជន ព្រះសង្ឃ តាជីយាយជី និងសិស្សានុសិស្ស ចូលរួមប្រមាណជាង ១២០០នាក់ផងដែរ។ 
   នៅក្នុងឪកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តដឹកនាំរាជរដ្ឋាភិបាល ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេជាតិ ទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើន ទាំងវិស័យអាណាចក្រនិងពុទ្ធចក្រ។ទន្ទឹមនិងនោះ សមិទ្ធិផលព្រះវិហារថ្មី ដែលចាប់ផ្តើមសាងសង់នាពេលនេះ ក៏ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។
  សូមបញ្ជាក់ផងដែរថា ព្រះវិហាថ្មីដែលបានកសាងនាពេលនេះក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ, អ្នកឧកញ៉ា យី រដ្ឋា និង ឯកឧត្តម ប៊ុន ដារ៉ា រួមជាមួយនិងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ព្រះវិហារថ្មី នេះ មានទំហំ ទទឹង ១០ម៉ែត្រ បណ្តោយ ១៩ម៉ែត្រ ដែលគ្រោងចំណាយថវិកាសាងសង់អស់ចំនួន ២៧ម៉ឺនដុល្លា៕