2024-05-10 05:05
231

(កំពត)នាថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤ នេះលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា រូបសំណាកសេះសមុទ្រនៅក្រុងកំពតខេត្តកំពត កំពុងបន្តទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិនៅតែបន្តមកលេងលម្ហែកម្សាន្តកាន់តែច្រើនឡើង

គួរឱ្យកត់សម្គាល់ បន្ទាប់ពីខេត្តកំពតបានកសាងរូបសំណាកសេះសមុទ្របាញ់ទឹករួចរាល់ ភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិបាននាំគ្នាចូលមកទស្សនាមកលេងលម្ហែកម្សាន្តចាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរលោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថាមកដល់បច្ចុប្បន្នភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមានការកើនឡើងចាប់ពី ៧ ម៉ឺននាក់កើនឡើងទៅដល់ជាង ១១ ម៉ឺននាក់ដែលបានបន្តមកទស្សនានៅខេត្តកំពត។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបន្តឲ្យដឹងថា ជាពិសេសភ្ញៀវទេសចរណ៍មកពីបណ្តាខេត្តឆ្ងាយៗ ដែលគេចង់ស្គាល់ ហើយនិងចង់ឃើញផ្ទាល់ភ្នែកនូវរូបសេះសមុទ្របាញ់ទឹកខេត្តកំពត ដែលកំពុងមានការចាប់អារម្មណ៍ទាក់ទាញយ៉ាងខ្លាំងពីសំណាក់មហាជននៅតាមបណ្ដាខេត្តផ្សេងៗផងដែ។

លោក សយ សុីណុល ប្រធានមន្ទីរបានឱ្យដឹងទៀតថា ជាពិសេសនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងទស្សនាលម្ហែកម្សាន្តច្រើន ទោះបីអាកាសធាតុក្តៅហែងយ៉ាងណានោះលោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានសង្កេតឃើញភ្ញៀវទេសចរណ៍នៅតែបន្តធ្វើដំណើរមកពីបណ្ដាខេត្តឆ្ងាយៗ ជាពិសេសមកពីរាជធានីភ្នំពេញបានធ្វើដំណើរមកកាន់ខេត្តកំពត ដើម្បីទស្សនា ផ្តិតយករូបភាព នៅតាមបណ្តារមណីយដ្ឋាននានា ពិសេសមកទស្សនារូបសេះសមុទ្របាញ់ទឹក ដែលស្ថិតត្រង់ចំណុចមុខសាលាខេត្តកំពតចាស់។

ក្នុងដំណើរឆ្ពោះទៅគោលដៅទេសចរណ៍ ៣៩ កន្លែងនៅក្នុងខេត្តកំពត ដូចជាភ្នំបូកគោ តំបន់ទេសចរណ៍ណាតាយ៉ា រមណីយដ្ឋានទឹកឈូ ឬសហគមន៍ត្រពាំងសង្កែ និងតាមបណ្តាតំបន់ទេសចរណ៍ជាច្រើនទៀត ប៉ុន្តែអំឡុងពេលនេះ មហាជនបែរជាសំរុកទៅលំហែ ផ្តិតយករូបភាពដ៏ស្រស់ត្រកាលគ្មាពីរ នៃរូបសំណាកសេះសមុទ្របាញ់ទឹក នៅមុខសាលាខេត្តកំពតទៅវិញ។

ដោយសារតែមានភាពល្បីល្បាញបែបនេះ គេបានកត់សម្គាល់ឃើញដែរថា ខេត្តកំពតពិតជាមានការកើនឡើងនូវភ្ញៀវទេសចរ ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានោះដែរលោកប្រធានមន្ទីទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថា នៅតាមតំបន់ភូមិសាស្ត្រក្នុងខេត្តកំពតដែលសុទ្ធសឹងជាគោលដៅទេសចរណ៍សំខាន់ៗ ដោយបច្ចុប្បន្នរដ្ឋបាលខេត្តកំពត បាននិងកំពុងយកចិត្តទុកដាក់ខិតខំកែលម្អឱ្យមានសោភ័ណភាពឱ្យកាន់តែមានភាពលេចធ្លោ ដើម្បីបង្កើនសក្តានុពលខេត្តទេសចរណ៍មួយនេះ ឱ្យកាន់តែរីកចម្រើនបន់ថែមមួយកម្រិតទៀតជាខេត្តគោលដៅទេសចរណ៍ទី ២ នៃខេត្តកំពត។។(សឹង រ៉ាត់)