2024-05-10 19:18
628

ព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតខណៈគេឃើញមានក្រុមមន្រ្តីនឹងសមាជិកក្រុមប្រឹក្សា ជាច្រើនរូបនៃរដ្ឋបាលស្រុកឆែបខេត្តព្រះវិហារ បានមកប្រមូលផ្តុំគ្នា សុំឲ្យអ្នកសារព័ត៍មានជួយផ្សព្វផ្សាយដើម្បីឲ្យប្រមុខថ្នាក់ដឹកនាំ បានជ្រាបអំពីភាពមិនប្រក្រតីក្នុងការដឹកនាំ របស់លោក ឡង់ សុបិន្ត ដែលជាអភិបាលស្រុកឆែប  ។ជាមួយគ្នានោះដែរ ពួកគាត់ក៍ធ្វើការបានទទូចស្នើសុំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត នឹង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ សុំដក រឺបញ្ចប់មុខតំណែង លោក ឡង់ សុបិន ដែលជាអភិបាលស្រុកឆែប ជាបន្ទាន់! ដោយពួកគាត់បានបញ្ជាក់ថា កន្លងទៅអំឡុងខែ កុម្ភះ ឆ្នាំ២០២៤នេះ មន្រ្តីរដ្ឋបាលសាលាស្រុកព្រមទាំងសមាជិក ក្រុមប្រឹក្សាជាច្រើនរូប នឹងប្រជាពលរដ្ឋស្រុកឆែបរាប់រយនាក់ បានឯកភាពគ្នាធ្វើការសម្រេចចូលរួមផ្តិតមេដៃ ដាក់ពាក្យបណ្តឹងគោរពជូន             សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើល នឹងមានចំណាត់ការ  ចំពោះអភិបាលស្រុករូបនេះ ព្រោះ គ្មានសមត្ថភាពក្នុងការដឹកនាំ នឹងគ្មានគុណធម៍ នឹងមិនអើពើដោះស្រាយរឿងវិវាទដីធ្លីជូនប្រជាពលរដ្ឋ គ្មានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន ព្រមទាំងមិនមានទំនាក់ទំនងល្អជាមួយមន្រ្តីថ្នាក់ក្រោមជាដើម ។ 

ពួកគាត់បន្តថា ជាក់ស្តែងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗ នេះក្រោយទទួលបានពាក្យបណ្តឹងដែលដាក់ចូលមកក្រសួងរួច ឃើញថាមានក្រុមការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃបានចុះមកធ្វើអធិការកិច្ច នឹងសួរនាំអ្នកដែលពាក់ព័ន្ធ នឹងអភិបាលស្រុករូបនេះរួចមកហើយ ប៉ុន្តែមកដល់ពេលនេះមានរយៈពេលជាង១ខែហើយ តែហាក់បីដូចជាស្ងាត់ឈឹងដូចចោរលួចសេះតែម្តងជាហេតុធ្វើឲ្យ ពួកគាត់ដែលជាមន្រ្តីនៃរដ្ឋបាលសាលាស្រុក ព្រមទាំងសមាជិកក្រុមប្រឹក្សា នឹងប្រជាពលរដ្ឋស្រុកឆែប មានការងឿងឆ្ងល់យ៉ាងខ្លាំងទៀតផង  ។  

ជុំវិញបញ្ហាខាងលើនេះនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ឡង់ សុបិន្ត អភិបាលស្រុកឆែប មិនអាចសុំធ្វើការបំភ្លឺបានទេ ដោយនៅពេលអ្នកសារព័ត៍មានយើងខលចូលលោកមិនលើកទូរស័ព្ទ  ។

សូមរំលឹកផងដែរថា៖ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ មានការបែកធ្លាយឯកសារ របស់ក្រុមមន្ត្រីថ្នាក់ក្រោមនៃរដ្ឋបាលស្រុកឆែបបានសម្រេចដាក់ពាក្យបណ្ដឹង ប្ដឹងទៅសម្ដេចអធិបតីហ៊ុន ម៉ាណែត សុំដក លោក ឡង់ សុបិន អភិបាលស្រុកឆែប ចេញពីមុខតំណែង។ នេះបើយោងតាម លិខិតបណ្ដឹងបើកចំហ របស់មន្ត្រីក្រោមឱវាទ បានគោរពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយនៅក្នុងលិខិតនោះបអះអាងថា«យើងខ្ញុំជាមន្ត្រីរាជការនៅចំណុះរដ្ឋបាលស្រុកឆែប ក្រុមប្រឹក្សាឃុំទាំង៨ និង ក្រុមប្រឹក្សាស្រុកឆែប ខេត្តព្រះវិហារ ពុំដែលទទួលបាននូវភាពកក់ក្តៅ សប្បាយរីករាយ ក្នុងការបំពេញកិច្ចការងារ សោះឡើយ» ព្រោះលោកអភិបាលស្រុករូបនេះ គឺតែងតែព្យាយាមធ្វើទុក្ខបុកម្នេញយើងខ្ញុំទាំងអស់គ្នា តាមគ្រប់រូប ភាពដែលមិនសមជាអ្នកដឹកនាំគ្រប់គ្រង មានពេលខ្លះស្រែកសំឡុត គំរាមកំហែង ស្តីបន្ទោសថាស្រេចតែចិត្តគាត់ ។ ហើយមិនមានភាពច្បាស់លាស់ ទៅលើការងាររដ្ឋបាល និងបញ្ជាឲ្យធ្វើការងារ តាមតែអំពើចិត្តនឹងអារម្មណ៍របស់គាត់ ៕  ដោយ៖ ទ្រី សុផល