2024-05-19 12:05
165

(បាត់ដំបង) ៈជនសង្ស័យជាម្តាយមីងជីដូនមួយម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយយកពូថៅកាប់ទៅលើផ្ទៃមុខ និងបំពង់ក ក្មួយស្រីបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រហែល ១និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យជាម្តាយមីងមានឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ បានធ្វើសកម្មភាពយកពូថៅដៃកាប់ទៅលើជនរងគ្រោះដែលជាក្មួយស្រី ឈ្មោះ សេង គឹមហ៊ាង អាយុ១៦ឆ្នាំ រស់នៅផ្ទះជាមួយគ្នាបណ្តាលអោយត្រូវពេញផ្ទៃមុខនិងបំពង់ក ខណៈជនរងគ្រោះកំពុងដេកលង់លក់នៅលើគ្រែ បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ ។
បន្ទាប់ពីឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាមូលហេតុដែលធ្វើឲ្យខ្លួនកាប់សម្លាប់ជនរងគ្រោះដោយសារខឹងជនរងគ្រោះ និយាយទូរស័ព្ទលឺៗ និងចេញចូលផ្ទះយប់ជ្រៅពេក ហើយណែនាំមិនស្តាប់។ 
  បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុកបវេលដើម្បីរៀបចំសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕