
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការឆ្លើយតប នឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពី ការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ ដោយបញ្ជាក់ជាថ្មីថា៖ «ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព»។
ការបញ្ជាក់ជំហរបស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា យ៉ាងដូច្នេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញសារព័ត៌មានយើងទទួលបាននៅព្រលប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។
អ្នកនាំពក្យក្រសួងការបរទេស បានបញ្ជាក់ថា៖ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គោលនយោបាយចិនមួយ ដោយទទួលស្គាល់ថា៖ «រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូលហើយកោះតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីរបស់ចិន»។
កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការ បង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ៕