2024-05-25 15:53
386

(បាត់ដំបង) : គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២៣គ្រាប់ ត្រូវបានប្រទះឃើញនៅក្នុងដីខណៈក្រុមជាងកំពុងចុះជីក គាស់កាយដីនៅទីតាំងពីរផ្សេងគ្នាក្នុងក្រុងបាត់ដំបង។

 បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីទី០១ នៅវេលាម៉ោង ០៨ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី១២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រុម កម្មករបានប្រទះឃើញគ្រាប់ B-40 ចំនួន ០៣គ្រាប់ ខណៈដែលកំពុងយកគ្រឿងចក្រកាយដីដាក់លូបង្ហូរទឹកកខ្វក់ចេញពីក្រុង ។

 ដោយឡែកករណីទី២ នៅវេលាម៉ោង ០៩ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង មានខាងមន្រ្តីបច្ចេកទេសបោសសម្អាតមីន បានចុះបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅលើទីតាំងគម្រោងដីសាងសង់អគារសាលប្រជុំនៅក្នុងបរិវេណព្រលានយន្តហោះបែកចាន ក៏បានប្រទះឃើញគ្រាប់កាំភ្លើងត្បាល់ 60 mm ចំនួន ០១គ្រាប់ , ក្បាលគ្រាប់កាំភ្លើងត្បាល់ 60 mm ចំនួន ១៥គ្រាប់ , គ្រាប់បែកដៃប្រភេទ ចំនួន ០១គ្រាប់  , និងគ្រាប់B-40 ចំនួន០៣           គ្រាប់ផងដែរ ។ 

 ក្រោយប្រមូលបាន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់ខាងលើនេះត្រូវបានមន្រ្តីជំនាញយកទៅរក្សាទុក ជាបណ្តោះអាសន្នរង់ចាំធ្វើការកម្ទេចចោលនៅពក្រោយ ។