
ភ្នំពេញ៖ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម នៃគម្រោងសាងសង់ផ្លូវជាតិលេខ ៥០C និងស្ពានឆ្លងកាត់ទន្លេសាប ពីកំពង់ធំ ទៅកំពង់ឆ្នាំង ត្រូវបានលើកយកមកធ្វើបទបង្ហាញជូនថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។
បទបង្ហាញនៃការសិក្សាគម្រោងនេះ ធ្វើឡើងនារសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យអ្នកជំនាញបច្ចេកទេស ធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម គម្រោងសាងសង់ផ្លូវជាតិលេខ ៥០C និងស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ធំ ទៅកាន់ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរួច ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានផ្តល់អនុសាសន៍ឱ្យ ថ្នាក់ដឹកនាំទទួលបន្ទុកគម្រោងខាងលើ ដឹកនាំសម្របសម្រួលរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដោយមានការចូលរួមពី អគ្គនាយកដ្ឋានជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីជជែកពិភាក្សា និងពិនិត្យវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបឋម៕



