2024-06-19 06:06
186

(ភ្នំពេញ)៖ សមាគមកាយប្ញទ្ធិនារីកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាអគ្គស្នងការ បានរៀបចំពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី៣០ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅដឹព្រីមៀរសែនសុខ រាជធានីភ្នំពេញ។ សមាជិក សមាជិកាថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៤២៧នាក់ មកពីសាខាសមាគមចំនួន៣ គឺ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល និងសាខាខេត្តមណ្ឌលគិរី ។
   លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី ៣០ នាពេលនេះថា ក្នុងនាមជាអគ្គស្នងការ លោកជំទាវពិតជាមានមោទនភាពចំពោះសមាគមដែលមានវឌ្ឍនភាពដូចសព្វថ្ងៃនេះ ដោយបានបំពេញបេសកកម្មយ៉ាងខ្ជាប់ខ្ជួនលើវិថីមនុស្សធម៌នៃការអភិវឌ្ឍកុមារី និងយុវតី ដោយបានបង្កើនសមត្ថភាព បង្កើតស្នាមញញឹម និងភាពកក់ក្តៅចំពោះសមាជិកគ្រប់រូប។
ក្នុងចំណោមសមាជិក សមាជិកាថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ ក៏មានសមាជិកសកម្មដែលជា កុមារ ពិការ និងគរថ្លង់ ផងដែរ មកពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងវិទ្យាល័យអប់រំពិសេសច្បារអំពៅ។
លោកជំទាវអគ្គស្នងការសមាគម ក៏បានមានប្រសាន៍សបន្ថែមទៀតថា នេះគឺជាលើកទីមួយហើយ ដែលសមាគមបានប្រកាសបញ្ចូល កុមារគរថ្លង់ និងមានពិការភាព ជាសមាជិករបស់សមាគម។ លោកជំទាវបានបញ្ជាក់ថា កុមារគរថ្លង់ និងមានពិការភាព គឺជាផ្នែកមួយនៃសង្គមដែលត្រូវបន្តយកចិត្តទុកដាក់ជាទីបំផុត។ ជាមួយគ្នានេះ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹង ដល់សមាជិកពិការភាព សមាគមកាយប្ញទ្ធិនារីកម្ពុជា បាននឹងកំពុងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធនានា ក្នុងការជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សមាជិកពិការភាពដើម្បីផ្ដល់ឱកាសការងារនៅក្នុងសង្គម។
ស   មាគមកាយឫទ្ធិនារីកម្ពុជា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សា និងការដឹកនាំជីវិតប្រចាំថ្ងៃ។ គោលការណ៍គ្រឹះ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ការសច្ចានិងច្បាប់ បង្រួបបង្រួមកាយឫទ្ធិនារីទាំងអស់ មិនគិតពី ពណ៌សម្បុរ ជាតិសាសន៍ សាសនា វប្បធម៌ នយោបាយ និង សង្គមឡើយ។
  បច្ចុប្បន្ន សមាគមកាយឫទ្ធិនារីកម្ពុជា មានការចូលរួមដោយស្ម័គ្រចិត្តពី កុមារី យុវតី ស្ត្រី និងប្រជាជនក្នុងសហគមន៍ទូទាំង រាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តតាកែវ ខេត្តព្រៃវែង និងពោធិ៍សាត់។ គិតមកទល់ពេលនេះ សមាជិកសកម្ម និងគាំទ្រ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា មានចំនួនកើនឡើងដល់ ៧៧១៤នាក់ ហើយ៕