2024-06-20 04:06
155

ត្បូងឃ្មុំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីរំលឹកដល់ព្រឹត្តិការណ៍ នៃដំណើរតស៊ូរំដោះជាតិរបស់ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត កាលពី៤៧ឆ្នាំមុន នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៉ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានលើកឡើងថា៖ «ការខិតខំរំដោះជាតិ និងប្រជាជនតាំងពីថ្ងៃ៧ មករា ១៩៧៩ រហូតដល់ការទទួលបានសន្តិភាពពេញលេញ ២៩ ធ្នូ ១៩៩៨ គឺជាសច្ចភាពប្រវត្តិសាស្ត្រដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ហើយកូនចៅជំនាន់ក្រោយរបស់កម្ពុជាត្រូវតែចងចាំជានិច្ច»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមទៀថា៖ «ដំណាក់កាលទី៣ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈ ប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមដំបូលសុខសន្តិភាព ដែលបានមកពីនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា៖ ការណ៍នេះ បានបង្ហាញតាមរយៈតថភាព នៃប្រវត្តិសាស្ត្រ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា “មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំងខាងយោធាដំបូងនៅថ្ងៃទី១២ ឧសភា ១៩៧៨ និងការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាននយោបាយ ឈ្នឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ហើយកូនចៅជំនាន់ក្រោយរបស់កម្ពុជា ត្រូវតែចងចាំ»៕