2024-07-05 11:07
194

ពោធិ៍សាត់៖ បឹងព្រះពន្លៃ ដែលមានមានឈ្មោះដើមថា «បឹងព្រះពន្លាជ័យ» គឺជាបឹងធម្មជាតិ មួយដ៏ធំលាតសន្ធឹងលើផ្ទៃដី ២៧០ហិកតា ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ មានចម្ងាយប្រមាណ ២៨គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ បឹងនេះជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះជាជំរំសត្វស្លាប និងជីវចម្រុះច្រើនប្រភេទ។ 

ដោយសារបឹងព្រះពន្លៃ គឺជាសម្បត្តិធម្មជាតិ ដ៏មានសក្កានុពល របស់ស្រុកតាលោសែនជ័យ ដែលអាចផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ ថ្មីៗ លោក កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានស្នើឱ្យមានការគ្រប់គ្រងអភិរក្សដីតំបន់បឹងព្រះពន្លៃឱ្យបានគង់វង្ស ជាសម្បត្តិរួម ហើយបឹងធម្មជាតិនេះ មិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ឬជនណាម្នាក់ឡើង វាគឺជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជាទាំងមូល ប្រសិនបើយើងទាំងអស់គ្នា មិនអាចថែរក្សាបានគឺមានមានន័យថា «យើងគ្មានមាយាទ»។ 

ក្នុងនោះដែរ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចបង្កើតក្រុមការងារ ដើម្បីចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពតំបន់បឹងព្រះពន្លៃ ដើម្បីកសាងផែនទី ក្នុងការស្នើសុំកំណត់ទំហំផ្ទៃបឹងឡើងវិញ និងរៀបចំផែនការ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ ក្នុងតំបន់បឹងព្រះពន្លៃ ដោយធ្វើការអប់រំ ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ការកាប់បំផ្លាញព្រៃឈើ ការចាប់សត្វព្រៃ និងការរុករានទន្ទ្រានដីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ 

បច្ចុប្បន្ននេះមានប្រជាពលរដ្ឋរស់នៅអាស្រ័យផល ជុំវិញមាត់បឹង ចំនួន ២៦០ក្បាលដី ស្មើនឹង ២៤២ហិកតា គិតជាគ្រួសារមាន ចំនួន ២១៦គ្រួសារ ហើយអាងទឹកបឹងព្រះពន្លៃនេះ អាចស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានពី ៦ ៥០០ហិកតាទៅ ១០ ០០០ហិកតា និងស្រូវប្រាំង ៤ ២០០ហិកតា ៕