2024-09-05 04:09
43

ភ្នំពេញ៖ កំពូលតារាមាត់ដាច និងមហាជនឱ្យរហ័សនាមថា «កំពូលមនុស្សសយ» លោក ម៉ៃ សុគន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដេញប្រផាប់ចាប់ប្រភីងវាយខ្នោះ បន្ទាប់ពីព្យាយាមបើករថយន្ដគេចចេញពីគោលដៅនគរបាលចរាចរត្រួតពិនិត្យជាតិអាកុល និងអាវុធជាតិផ្ទុះ ក្នុងស្ថានភាពស្រវឹង រហូតបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូកង់បី ចំនួន ០២ គ្រឿង រងរបួសមានមនុស្ស ចំនួន ០៣ នាក់ រងរបួស រួចជ្រុលបុករនាំងពុះចែកទ្រូងផ្លូវថែមទៀត។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតមានឡើង នៅវេលាម៉ោង ១២និង២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីរាជធានី។

អ្នកបើកបររថយន្ត ត្រូវបានគេស្គាល់ថាជាលោក ម៉ៃ សុគន្ធ អតីតតារាចម្រៀង និងសម្តែង បានបើកបររថយន្ត ០១ គ្រឿង ម៉ាក LAND CRUISER  ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បើកគេចចេញពីគោលដៅត្រួតពិនិត្យជាតិអាកុល និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់នៅចំណុច ផ្លូវផ្សារបឹងបៃតង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសាក្សីបាននិយាយថា មុនពេលកើតហេតុ មានរថយន្ដ ០១ គ្រឿអ ម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BW-6802 បានបើកចូលគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុលតាមផ្លូវផ្សារបឹងបៃតង ពេលនោះកម្លាំងសមត្ថកិច្ចបានហៅឲ្យចូល ដើម្បីត្រួតពិនិត្យ ប៉ុន្តែរថយន្តខាងលើមិនបានចូលតាមការបញ្ជាររបស់សមត្ថកិច្ចនោះទេ បានបើកបំបុកប៉ារ៉ាស់ព្យាយារត់គេចពីគោលដៅត្រួតពិនិត្យ រហូតដល់ផ្លូវសហព័ន្ធរុស្ស៊ី ចំណុច មុខវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបុកម៉ូតូកង់បី ចំនួន ០២ គ្រឿង និងរបាំងថ្មបាក់ចំនួន ០៣កង់ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសផងដែរ។

ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ កម្លាំងសមត្ថកិច្ចដែលប្រដេញប្រផាប់ចាប់ប្រភីង បានចាប់អ្នកបើកបរចេញពីក្នុងរថយន្តរួចវាយខ្នោះ ទើបធ្វើឱ្យមហាជនស្គាល់ថា អ្នកបើកបរដ៏ព្រហើនជាលោក ម៉ៃ សុគន្ធ អតីតតារាចម្រៀង និងសម្តែង ហើយបច្ចុប្បន្នកំពុងល្បីល្បាញលើបណ្តាញសង្គមមានបុគ្គលមាត់ដាច សូម្បីតែក្នុងវិស័យសិល្បៈ និងមហាជនបានឱ្យរហ័សនាមថា «កំពូលមនុស្សនាំសយបំផុត»។

បច្ចុប្បន្ន លោក ម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរតាមនិតិវិធី រីឯរថយន្ត និងម៉ូតូកង់បីយកទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕