2024-09-05 05:09
47

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានព្រមានរោងចក្រសហគ្រាស ប្រភេទប្រភពបំពុលសក្តានុពល មិនបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ដូចបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់តឹងរឹងបំផុត ដោយគ្មានការលើកលេងឡើយ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្លាប់បានបញ្ជាក់ថា៖ «រោងចក្រសហគ្រាសដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវអនុវត្តបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ជាធរមានរបស់កម្ពុជាជាធរមាន»។

បច្ចុប្បន្ន ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា ២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថាន លេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ប្រកាស ស្តីពី ការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលតម្រូវឱ្យរោងចក្រ សហគ្រាសឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា៖ «ការបំពាក់ឧបករណ៍នេះ គឺដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធានាបាននូវសុខភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និយោជិត ដែលរស់នៅ និងបំពេញការងារ ក្នុងតំបន់ឧស្សាហកម្ម  មានសុខភាពល្អ មានបរិស្ថានល្អ និងមានការវិនិយោគល្អ។ ចំពោះរោងចក្រដែលមិនព្រមបំពាក់ឧបករណ៍នេះ នឹងត្រូវអនុវត្តទៅតាមផ្លូវច្បាប់»។

សូមបញ្ចាក់រោងចក្រសហគ្រាស ចំនួន ០៣កន្លែងធំៗ នៅខេត្តស្វាយរៀង និងនៅខេត្តបាត់ដំបង បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ។ ជាក់ស្តែង នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Hi blue Washing Process Co., Ltd ដែលជាឧស្សាហកម្មបោកគក់ខោប៊យ បានបំពាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ បន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ភាពស្អាតក្នុងដែនទឹកស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងបានបង្ហាញនូវភាពស្មោះត្រង់ក្នុងការបញញចេញសំណល់រាវក្រោយការសម្អាតរួចរបស់ខ្លួនសម្រាប់ជូនមន្រ្តីអធិការកិច្ចក្រសួងធ្វើការតាមដានពីចម្ងាយនូវដំណើរការបញ្ចេញសំណល់រាវរបស់ខ្លួន។

ក្រសួងបរិស្ថាន ជាបន្តទៅទៀត សូមធ្វើការណែនាំដល់ម្ចាស់រោងចក្រ សហគ្រាសប្រភេទប្រភពបំពុលសក្តានុពល ដែលមិនទាន់បានអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ ត្រូវរួសរាន់ធ្វើការបំពាក់ឧបករណ៍នេះ ចាប់ពីពេលនេះតទៅ។ 

ក្នុងករណីម្ចាស់រោងចក្រសហគ្រាសខកខាន មិនបានធ្វើការបំពាក់ដូចបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ១០០% ដោយមិនមានការលើកលែងឡើយ៕