2024-09-05 05:09
43

រយៈពេលពេញមួយថ្ងៃ ពោលគឺនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះសួរសុខទុក្ខ និងនាំយកសម្ភារៈបម្រើដល់ការហ្វឹកហាត់ ជូនដល់ក្លឹបប្រដាល់ចំនួន២ នៅជាយរាជធានីភ្នំពេញ និង១ក្លឹបនៅខេត្តកំពង់ស្ពឺ។

ជាថ្នាក់ដឹកនាំប្រភេទកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារៈបម្រើដល់ការហ្វឹកហាត់មួយចំនួន មានទាំងអង្ករ ក្នុង១ក្លឹបចំនួន២បេ ស្មើរនឹង១០០គីឡូក្រាម សរុបចំនួន ២០០គីឡូក្រាម ព្រមទាំងថវិកាមួយចំនួន ជូនទៅដល់ ក្លឹបប្រដាល់ វិបុលដារិទ្ធិ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងក្លឹបប្រដាល់តាឡីដំរីមានប្ញទ្ធិ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បន្ទាប់ពីជួបសួរសុខទុក្ខ និងសំណេះសំណាល់ជាមួយក្លឹបទាំងពីរ នៅជាយរាជធានីភ្នំពេញ រួចមក ប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែរ  ឯកឧត្តម ខូវ ឆាយ និងសហការី បានបន្តធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺបន្ត ដើម្បីសួរសុខទុក្ខ និងនាំយកនូវសម្ភារៈបម្រើដល់ការហ្វឹកហាត់មួយចំនួន មានទាំងអង្ករ ចំនួន២បេ ស្មើរនឹង១០០គីឡូក្រាម ព្រមទាំងថវិការមួយចំនួន ជូនទៅដល់ក្លឹបប្រដាល់សករាជវត្តភ្នំតូចគុនខ្មែរ ស្ថិតនៅឃុំ ភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានលើកទឹកចិត្តដល់ក្លឹបទាំងអស់ឲ្យខិតខំប្រមែរប្រមូលកៀងគរយុវជន យុវនារីដែលមានទេពកោសល្យ និងមានចំណូលចិត្តខាងវិស័យកីឡាប្រដាល់គុនខ្មែរចូលរួមហ្វឹកហាត់ឲ្យបានកាន់តែច្រើន និងពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា ព្រមទាំងបង្កើនធនធានកីឡាករ កីឡាការិនីបន្ថែម ដើម្បីចូលរួមអភិវឌ្ឍន៍ និងផ្សព្វផ្សាយវិស័យគុនខ្មែរឲ្យកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនានា ដូចជាសមាគមសប្បុរសធម៌ "មេត្តា" និងក្រុមការងារ "គុនខ្មែរ ស៊ុបពើរហ្វៃត៍" ដែលតែងតែចូលរួមផ្តល់ជាសម្ភារៈ និងអង្ករដើម្បីឲ្យសហព័ន្ធចុះជួយទៅដល់ក្លឹបទាំងអស់កន្លងមក ។