2024-10-01 10:10
82

ភ្នំពេញ៖ នៅព្រឹក ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៤ ដល់ទី០៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស ប្រទេសបារាំង។

អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរា​ជា​ណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភាស្តីទី, សម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលភក្តី សាយ ឈុំ, សម្តេចពិ​ជ័យសេនា ទៀ បាញ់, សម្តេចសង្គហបណ្ឌិត ម៉ែន សំអន, មន្ត្រីជាន់ខ្ពស់នៃថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងអ្នកមុខអ្នក និងតំណាងអង្គទូតប្រចាំកម្ពុជាជាច្រើនរូបផងដែរ។

សូមជម្រាបថា តបតាមការសូមយាងរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៤ ដល់ ទី០៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស។

អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រ និងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» កិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា លបំណងមួយនៃ ដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភា ភាសាបារាំង។ គោលបំណង កិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើង វិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គនឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទ ជាមួយនឹង ឯកឧត្តមប្រធានាធិបតី Macron និងលោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ នៅក្នុងអំឡុងពេលដែលព្រះអង្គគង់នៅក្នុងទីក្រុងប៉ារីស ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងព្រះរាជទានព្រះរាជសវនាការទ្វេភាគីជាមួយនឹង ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងបារាំង៕