2024-11-01 15:19
226

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ជាថ្ងៃចូលរៀនដំបូង របស់ ប្អូនៗ សិស្សានុសិស្ស កូនចៅចូលរៀនសូត្របន្ទាប់ពីការសម្រាក ការសិក្សាអស់រយៈពេលខ្លីកន្លងមកនេះ ដែលពិធីនេះស្ថិតក្រោមអភិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ដែលប្រារព្ធធ្វើនៅវិទ្យាល័យ ព្រះអង្គឌួង ក្រុងព្រៃវែង។
 
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។ 

ឯកឧត្តម អភិបាលខេត្ត បន្តថា ដែនេះក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អ មាំមួន រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងនោះ ក៏មានវិធានការគន្លឹះក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។ ឆ្នាំទី១ នៃនីតិកាល ទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់និងដាក់ចេញនូវកម្មវិធី ផ្សេងៗ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការ ចំនួន៤ រួមមាន: ទី១) ការពង្រឹងអភិបាលកិច្ច ទី២) ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣) ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈ

កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤) ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។ 

ក្នុងនោះលោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ  យុវជន និងកីឡា បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣-២០២៤ កន្លងទៅថ្មីៗនេះ
ជាលទ្ធផលមាន៖
-សិស្សជាប់និទ្ទេស A = ១១៧ នាក់   ស្រី ៧០ នាក់
-សិស្សជាប់និទ្ទេស B = ៧៦៧នាក់   ស្រី ៤៨៣ នាក់
-សិស្សជាប់និទ្ទេស C = ១ ៥៨៣   នាក់   ស្រី ១ ០២៣ នាក់
-សិស្សជាប់និទ្ទេស D = ២ ២៩៤   នាក់   ស្រី ១ ៣៤២ នាក់
-សិស្សជាប់និទ្ទេស E = ២ ០២៨   នាក់   ស្រី ១ ០៨២ នាក់៕