2023-05-18 10:05
648

ភ្នំពេញ៖ អាជីវករលក់មាស-ប្តូរប្រាក់នៅផ្សារស្ទឹងមានជ័យចាស់ ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា ចំនួន០៤នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់យកការបូបដាក់គ្រឿងអលង្ការ និងលុយបានសម្រេចអស់ប្រមាណ២០ម៉ឺនដុល្លារទាំងព្រឹក។

ហេតុការណ៍ប្លន់ប្រដាប់អាវុធដ៏ក្រើកនេះ កើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុចខាងក្រោយផ្សារស្ទឹងមានជ័យចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សេចក្តីរាយការាណ៍បឋម ក្រុមចោរប្រដាប់អាវុធមានគ្នា ចំនួន០៤នាក់ ជិះម៉ូតូ ០២គ្រឿង មិនស្គាល់ស្លាកលេខប្រដាប់ដោយអាវុធធ្វើសកម្មភ្ជង់ប្លន់បានសម្រេចយកអស់ជាង២០ម៉ឺនដុល្លារ ខណៈដែលជីវកររងគ្រោះ ទើបនឹងធ្វើដំណើរចេញពីផ្ទះដើរទៅផ្សារដើម្បីបើកតូបលក់ដូរដូចសព្វមួយដង។

ជនរងគ្រោះជាអាជីវករលក់គ្រឿងអលង្ការ និងប្តូរប្រាក់ បានរៀបរាប់ថា មុនពេលកើតហេតុរូបគាត់បានចេញផ្ទះយកគ្រឿងអលង្ការមានប្លាកទីន មាស លុយខ្មែរ លុយដុល្លារ ដាក់ក្នុងកាបូបស្ពាយ ដើម្បីយកទៅលក់នៅតូបក្នុងផ្សារស្ទឹងមានជ័យចាស់ ខណៈពេលកំពុងដើរទៅផ្សារស្រាប់តែមានជនសង្ស័យ ចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង ដកកាំភ្លើងភ្ជង់គំរាម និងបានវាយទៅលើប្រជាពលរដ្ឋដែលចូលទៅជួយបែកក្បាល រួចពួកវាដណ្តើមយកការគ្រឿងអលង្ការ និងប្រាក់ជិះម៉ូតូគេចខ្លួនបាត់តែម្តង។

ក្រោយពីកើតមានអំពើប្លន់ប្រដាប់អាវុធភ្លាមៗ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះអន្តរាគមន៍ ធ្វើការសាកសួរជនរងគ្រោះអំពីភិនភាគមុខសញ្ញា និងបន្តស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះ។

សូមជម្រាបថា មួយរយៈចុងក្រោយនេះបញ្ហាអសន្តិសុខ ចោរឆក់ លួច និងប្លន់កើតមានជារៀងរាល់ថ្ងៃទោះបីជាសមត្ថកិច្ចខិតខំទប់ស្កាត់ ឬបង្ក្រាបដូចភ្លៀងរលឹម ប៉ុន្តែហាក់មិនធូស្បើយទាល់តែសោះ។ រីឯបញ្ហាល្បែងស៊ីសងវិញរីកដូចផ្សិតត្រូវទឹកភ្លៀងជាពិសេសល្បែងអនឡាញទាំងខុសច្បាប់ និងស្របច្បាប់មានគ្រប់ច្រកហក ដែលជាហេតុនាំឲ្យប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពតែម្តង៕