
ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ដោយមានការសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានធ្វើការបកស្រាយ និងបំភ្លឺចំពោះព័ត៌មាន ដែលបានបង្ហោះលើគណនីហ្វេសប៊ុកមួយចំនួន កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដែលមានខ្លឹមសា៖ «HIV-មេរោគអេដស៍កំពុងកើនឡើងខ្លាំង TOPI ព្រះសីហនុ TOP2 តាកែវ។ បង្កើនការប្រុងប្រយ័ត្ន ៧០ ០០០ នាក់ផ្ទុក ៧០០០ពាន់នាក់រត់គេចមិនទទួលការព្យាបាល»។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានបញ្ជាក់ថា ព័ត៌មានដែលការចុះផ្សាយខាងលើនេះ មិនពិត ខ្វះមូលដ្ឋានច្បាស់លាស់ និងបានបង្កឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។
ជាងនេះទៅទៀត ខ្លឹមសារបំភាន់នេះ បានឈានទៅដល់ការបង្កើតវីដេអូ ប្រតិកម្ម ដែលបង្ហាញពីការព្រួយបារម្ភហួសហេតុអំពីស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងខេត្តតាកែវ។
ទោះបីជាម្ចាស់គណនីបានកែតម្រូវខ្លឹមសារនៃការបង្ហោះជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមានទំព័រហ្វេសប៊ុកជាច្រើនបន្តផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនពិតខាងលើ ដោយមិនបានផ្ទៀងផ្ទាត់ការពិតពីអ្នកជំនាញគ្រប់គ្រងទិន្នន័យដែលមានសមត្ថភាពជាអ្នកផ្តល់សេវាក្នុងការបង្ការ ថែទាំ និងព្យាបាលមេរោគអេដស៍និងជំងឺអេដស៍។ ព័ត៌មានមិនពិតដែលកំពុងត្រូវបានបន្តផ្សព្វផ្សាយនេះ ធ្វើឱ្យមានការភាន់ច្រឡំទាក់ទងនឹងករណីជំងឺអេដស៍នៅខេត្តតាកែវ។
តាមការបញ្ជាក់បានឱ្យដឹងថា ប្រទេសកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថា ស្ថិតក្នុងគន្លងផ្លូវក្នុងការឈានទៅសម្រេចបានគោលដៅសកល ៩៥%-៩៥%-៩៥% មានន័យថា ៩៥% នៃអ្នកដែលមិនបានដឹងខ្លួនថាផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពនៃមេរោគអេដស៍របស់ខ្លួន, ៩៥% នៃបានដឹងខ្លួនថាផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, និង ៩៥% នៃអ្នកដែលបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍ក្នុងឈាមត្រូវបានបង្ក្រាប (Viral Suppressed)។
ជាលទ្ធផលនៅឆ្នាំ២០២៣ កម្ពុជាសម្រេច បាន ៨៩% នៃ ៩៥% ទី១, ៩៨% នៃ៩៥ ទី២ និង ៩៨% នៃ៩៥% ទី៣។
សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ បានឆ្លុះបញ្ចាំងពីប្តេជ្ញាចិត្ត និងការគាំទ្រពេញទំហឹងពី ថ្នាក់ដឹកនាំកំពូល ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ត្រីសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាកបាទក្រហមកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ អង្គការសង្គមស៊ីវិល និងបណ្តាញក្រុមប្រជាជនចំណុចក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍។
ទន្ទឹមនឹងភាពជោគជ័យដែលសម្រេចបាននេះ មេរោគអេដស៍នៅមិនទាន់ឈានដល់គោលដៅ នៃការលុបបំបាត់បានទាំងស្រុងពីប្រទេសកម្ពុជានោះទេ។
ក្នុងឆ្នាំ២០២៣ យើងមានអ្នករស់នៅជាមួយមេរោគអេដស៍ ចនួន ៧៦ ០០០នាក់ ក្នុងនោះ ៦៩ ៤១៣ នាក់ កំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។
ដូចនេះ មានអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណជា ៧ ០០០ នាក់ដែលមិនទាន់ដឹងខ្លួនថាផ្ទុកមេរោគអេដស៍ ហើយមិនទាន់ទទួលបានសេវាព្យាបាល។
ម៉្យាងទៀត នៅឆ្នាំ២០២៣ មានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ចំនួន ១ ២០០ នាក់ ក្នុងនោះ ៨៦% គឺស្ថិតក្នុងចំណោមប្រជាជនចំណុចនិងដៃគូរួមភេទរបស់ពួកគាត់។
ក្រុមប្រជាជនចំណុចត្រូវបានចាត់ទុកថា ជាក្រុមដែលមានការប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍រួមមាន ក្រុមស្ត្រីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំលែងភេទជាស្ត្រី ក្រុមអ្នកប្រើប្រាស់និងអ្នកចាក់គ្រឿងញៀនជាដើម។
សម្រាប់ខេត្តតាកែវ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អ្នកដែលកំពុងរស់នៅជាមួយមេរោគអេដស៍កំពុងទទួលការបង្ការថែទាំ និងការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍មានសរុបចំនួន ២ ៨១៤ នាក់ ក្នុងនោះស្ត្រីមានចំនួន ១ ៥៣៥ នាក់។
ដោយឡែកមានអ្នកជំងឺត្រឹមតែ ១៤ នាក់ ប៉ុណ្ណោះដែលបានចាកចេញពីសេវាជាបណ្តោះអាសន្ន និងកំពុងកិច្ចខិតខំប្រឹងប្រែងតាមដានទំនាក់ទំនងដើម្បីនាំពួកគាត់វិលត្រឡប់មកសេវាថែទាំនិងព្យាបាលវិញ។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានធ្វើការបដិសេធ និងច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានណាដែលមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ និងសូមសំណូមពររាល់ទំព័រហ្វេសប៊ុក តេកតុក ឬវេទិការណាដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនពិតនេះសូមលុបចេញ ឬធ្វើការកែតម្រូវភ្លាមៗ និងសូមសាធារណជនមេត្តាជៀសវាងក្នុងការជឿ ឬចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងសុខាភិបាល បានអំពាវឱ្យប្រជាជន ក្រុមប្រជាជនប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ យុវវ័យត្រូវប្រកាន់ភ្ជាប់នូវផ្នត់គំនិតនិងឥរិយាបថវិជ្ជមាន ក្នុងការបង្ការការចម្លងមេរោគអេដស៍ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងពីការរីករាលនៃមេរោគអេដស៍ព្រោះថា «យើងអាចភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ» និងបើបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈម នឹងការឆ្លងមេរោគអេដស៍ ចូលប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយស្ម័គ្រចិត្តនិងរក្សាការសម្ងាត់ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា៕



