
មនុស្សពេញវ័យដែលផឹកកាហ្វេ ទាំងមានជាតិកាហ្វេអ៊ីន ឬគ្មានជាតិកាហ្វេអ៊ីន អាចមានហានិភ័យទាបនៃការស្លាប់ជាងអ្នកដែលមិនផឹកកាហ្វេ នេះបើយោងតាមការវិភាគថ្មីមួយបានសិក្សាស្រាវជ្រាវ។
ការរកឃើញនេះ បន្ថែមទៅលើភស្តុតាងកាន់តែច្រើន ដែលថាការផឹកកាហ្វេអាចផ្ដល់នូវអត្ថប្រយោជន៍ទៅដល់សុខភាព។
បច្ចប្បន្ន កាហ្វេជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយក្នុងចំណោមភេសជ្ជៈជាច្រើននៅក្នុងពិភពលោក ប៉ុន្តែឥទ្ធិពលកាហ្វេចំពោះសុខភាពនោះគឺមិនច្បាស់លាស់នោះទេ។
នៅក្នុងការសិក្សាថ្មីៗនេះ ក្រុមស្រាវជ្រាវដែលដឹកនាំដោយលោក វេជ្ជបណ្ឌិត នេល ហ្វ្រីដមេន (Neal Freedman) នៃវិទ្យាស្ថានជាតិមហារីក (NCI) របស់ NIH បានស្វែងយល់ពីទំនាក់ទំនងរវាងការផឹកកាហ្វេ និងហានិភ័យនៃការស្លាប់។
ពួកគេបានពិនិត្យទិន្នន័យទៅលើបុរស និងស្ដ្រីជាង ៤សែន (400,000) នាក់ក្នុងសហរដ្ឋអាមេរិក ដែលមានអាយុចាប់ពី ៥០ ទៅ ៧១ ឆ្នាំ ដែលបានចូលរួមក្នុងការសិក្សាពីរបបអាហារ និងសុខភាពរបស់ NIH-AARP ។
ដោយក្នុងនោះដែរ ព័ត៌មានអំពីការទទួលទានកាហ្វេត្រូវបានប្រមូលម្ដងរួចមកហើយ ដោយកម្រងសំណួរក្នុងការសិក្សាឆ្នាំ ១៩៩៥-១៩៩៦ ។
ហើយអ្នកដែលបានចួលរួមគឺត្រូវបានតាមដានរហូតទៅដល់ចុងឆ្នាំ ២០០៨។
នៅក្នុងការវិភាគ អ្នកស្រាវជ្រាវបានកែសម្រួលសម្រាប់ផលប៉ះពាល់ នៃកត្តាហានិភ័យផ្សេងទៀតទៅលើការស្លាប់ដូចជា ការជក់បារី និងការប្រើប្រាស់គ្រឿងស្រវឹងជាដើម។
ក្រុមនេះបានរាយការណ៍នៅក្នុងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១២, បោះពុម្ពនៃ New England Journal of Medicine ថាការផឹកកាហ្វេហាក់ដូចជាបានជួយកាត់បន្ថយនូវហានិភ័យនៃការស្លាប់។
បើប្រៀបធៀបទៅនឹងបុរស និងស្រ្តីដែលមិនផឹកកាហ្វេ អ្នកដែលផឹកកាហ្វេ ៣ ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ មានហានិភ័យនៃការស្លាប់តិចជាង 10% ។
ព្រោះថាអ្នកផឹកកាហ្វេទំនងជាមិនសូវស្លាប់ដោយសារតែជម្ងឺបេះដូង ជំងឺផ្លូវដង្ហើម របួសនិងគ្រោះថ្នាក់ ជំងឺទឹកនោមផ្អែម និងការឆ្លងមេរោគជាដើម។
បើតាមលោក Freedman បានបញ្ជាក់បន្ថែមថា “ទោះបីជាយើងមិនអាចសន្និដ្ឋានអំពីទំនាក់ទំនងមូលហេតុរវាងការផឹកកាហ្វេ និងការថយចុះនូវហានិភ័យនៃការស្លាប់ក៏ដោយ យើងជឿថាលទ្ធផលទាំងនេះផ្ដល់ការធានាខ្លះថា ការផឹកកាហ្វេមិនប៉ះពាល់ដល់សុខភាពនោះទេ”។
