2024-12-18 18:09
141

ភ្នំពេញ៖    ក្រសួងប្រៃយនីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា «យ៉ាងហោចណាស់ប្រើប្រាស់រយៈពេលចន្លោះពី ៣ខែទៅ៦ខែ ដែលបណ្តាញខ្សែកាបអុបទិក, ខ្សែកាបទូរទស្សន៍ និងខ្សែបណ្តាញផ្សេងទៀត ដែលបានតភ្ជាប់ដោយពុំមានសណ្តាប់ធ្នាប់ រញ៉េរញៃ ដែលមហាជនហៅថា «សំបុកពីងពាង» តោងតាមបង្គោលបណ្តាញអគ្គិសនី និងបង្គោលផ្សេងៗទៀត ដែលរត់តាមបណ្តោយផ្លូវ ឬកាត់ទទឹងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ត្រូវកាត់ទម្លាក់មកដី ដើម្បីដាក់តាមទុយោក្រោមដីវិញ»។

នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រសួងប្រៃយនីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយដោយបានឱ្យដឹថា៖ កន្លងមក មានការលើកឡើងបែបអវិជ្ជមាន តាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមនានា អំពីបញ្ហានៃបណ្តាញខ្សែកាបលើអាកាស និងបញ្ហានៃគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត ដែលមិនឆ្លុះ បញ្ចាំងពីការពិត គឺមានចរិកលក្ខណៈបំផ្លើស ផ្ទុយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងស្ថាប័នពាក់ព័ន្ធ។

ពាក់ព័ន្ធបញ្ហានេះ ក្រសួងប្រៃយនីយ៍ បានបញ្ជាក់ឱ្យដឹងថា ចំពោះបណ្តាញខ្សែកាបលើអាកាស៖ បណ្តាញខ្សែដែលរត់លើបង្គោលតាមដងផ្លូវសាធារណៈ ក្រៅពីបណ្តាញអគ្គិសនី គឺអាចមានជា ខ្សែកាបអុបទិក, ខ្សែកាបទូរទស្សន៍ និងខ្សែបណ្តាញផ្សេងទៀត ពីមុនមកត្រូវបានតភ្ជាប់ដោយពុំមានសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ ឬកាត់ទទឹងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ដែលសាធារណជនហៅថា “សំបុកពីងពាង”។ កន្លងមក ក្រសួងប្រៃយនីយ៍ និងអគ្គិសនីកម្ពុជា (EDC) បានសហការក្រោមការសម្របសម្រួលរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីកាត់ទម្លាក់ និងរៀបចំបណ្តាញទាំងអស់នេះ ដាក់ក្នុងបំពង់ក្រោមដីជាបន្តបន្ទាប់ៗ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រតិបត្តិករទូរគមនាគមន៍ បានបញ្ចប់ការរៀបចំបណ្តាញដាក់ទៅក្នុងបំពង់ក្រោមដីនៅតាមផ្លូវ ចំនួន ១៦ ខ្សែ ក្នុងនោះ មានផ្លូវធំៗ ដូចជា ព្រះនរោត្តម ព្រះមុនីវង្ស ព្រះសីហនុ សហព័ន្ធរុស្ស៊ី ម៉ៅសេទុង និងកម្ពុជាក្រោម ជាដើម។ 

ក្រសួប្រៃយនីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ទៀតថា៖ «ស្ថាប័នពាក់ព័ន្ធទាំងអស់ បានរៀបចំផែនការសកម្មភាពក្នុងការកាត់ទម្លាក់ និងរៀបចំបណ្តាញទាំងអស់នេះ ដាក់ក្នុងបំពង់ក្រោមដីនៅតាមផ្លូវសំខាន់ៗ ចំនួន ៤០ ខ្សែទៀត ដែលបាននិងកំពុងអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២៤ នេះតទៅ។ ការអនុវត្តការងារនេះ គឺទាមទារពេលវេលាយ៉ាងតិចចន្លោះពី ៣ខែទៅ៦ខែ ដោយក្នុងនោះ មានការរៀបចំផែនការសកម្មភាពរួមគ្នា រវាងស្ថាប័នពាក់ព័ន្ធទាំងអស់ ការគិតគូរអំពីដំណោះស្រាយ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការកំណត់ថ្ងៃចុះទៅអនុវត្តផ្ទាល់ ការជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីការកាត់ផ្តាច់បណ្តាញ និងការចុះអនុវត្តជាក់ស្តែង»។ 
ក្រសួងបានបន្ថែមថា៖ «បច្ចុប្បន្ននេះ ការតភ្ជាប់បណ្តាញខ្សែកាបអុបទិកលើអាកាសថ្មី សម្រាប់បម្រើដល់វិស័យទូរគមនាគមន៍ នៅទីតាំងដែលបានកាត់ទម្លាក់រួច ឬនៅទីតាំងដែលបានសាងសង់បំពង់ក្រោមដីរួចរាល់ គឺមិនត្រូវបានអនុញ្ញាតទៀតឡើយ»។ ក.ប.ទ. បានគូសបញ្ជាក់ផងដែរថា៖ «បញ្ហាសោភណភាពនៃបណ្តាញខ្សែកាបលើអាកាសនេះ មិនមែនមានតែនៅកម្ពុជាទេ គឺបណ្តាប្រទេសក្នុងតំបន់មួយចំនួនក៏កំពុងជួបបញ្ហាប្រឈមដូចគ្នានេះដែរ ហើយក៏កំពុងគិតគូរអំពីដំណោះស្រាយដូចនៅកម្ពុជាដែរ»។

ក្រសួងប្រៃយនីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់បន្ថែមថា៖ «ចំពោះការពង្រឹងគុណភាពសេវាទូរគមនាគមន៍ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្រសួងបានដាក់ចេញនូវផែនការសកម្មភាពជាច្រើនក្នុងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ជាអាទិ៍ នៅតាមបុរី ចាប់ពីឆ្នាំ២០២២ មកបានជំរុញឱ្យមានការសាងសង់បង្គោលអង់តែនបន្ថែម ដោយមានបំពាក់ស្ថានីយប្រតិបត្តិករផងដែរ។ នៅតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ ក្រសួងបានចាត់ក្រុមការងារ ចំនួន ០៩ ក្រុម ឱ្យចុះត្រួតពិនិត្យតាម បណ្តាខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ហើយបានជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍សាងសង់បង្គោល អង់តែនបន្ថែម។ ដោយឡែក នៅតាមបណ្តាខេត្ត ក្រសួងបានចាត់ក្រុមការងារបច្ចេកទេសឱ្យចុះវាស់ស្ទង់សេវាទូរគមនាគមន៍ និងបានជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍ សាងសង់បង្គោលអង់តែននៅតាមទីរួមខេត្ត ទីរួមស្រុក និងតំបន់ប្រជុំជនផងដែរ»។

ក.ប.ទ. បានគូសបញ្ជាក់ឡើងវិញថា ផ្អែកតាមការសិក្សារបស់ អង្គការសុខភាពពិភពលោក (WHO) គឺពុំមានភស្តុតាងវិទ្យាសាស្រ្តណាដែលបង្ហាញថា «បង្គោលអង់តែនទូរគមនាគមន៍ អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបង្គោលនោះទេ»។

ក្រសួងប្រៃយនីយ៍ និងទូរគមនាគមន៍ បានកត់សម្គាល់ឃើញថា៖ «ការប្រាស្រ័យទាក់ទងរបស់ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន បានងាកមកប្រើបណ្តាញសង្គម Telegram, WhatsApp, និង Facebook Messenger ជាដើម ជំនួសឱ្យការទាក់ទងតាមលេខទូរសព្ទចល័តដោយផ្ទាល់។ ក.ប.ទ. បាននិងកំពុងបន្តខិតខំដោះស្រាយបញ្ហា និងពង្រឹងគុណភាពសេវាទូរគមនាគមន៍ ឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់ តាមរយៈការជំរុញឱ្យប្រតិបត្តិករទូរសព្ទវិនិយោគលើការសាងសង់ បង្គោលអង់តែនបន្ថែម ការប្រើប្រាស់ថវិកាមូលនិធិកាតព្វកិច្ចសេវាសកល ដើម្បីសាងសង់បង្គោលអង់តែននៅតំបន់ ដាច់ស្រយាល ការចុះដោះស្រាយផលប៉ះពាល់ផ្ទាល់នៅហ្នឹងកន្លែង និងការចាត់វិធានការចំពោះសកម្មភាពណាដែលផ្ទុយពីការណែនាំ។

ក.ប.ទ. សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសាធារណជនទាំងអស់ សូមចូលរួមផ្តល់ កិច្ចសហការរួមគ្នា ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ឱ្យបានល្អប្រសើរ ក្នុងគោលដៅបម្រើដល់ផល ប្រយោជន៍រួមរបស់សង្គមជាតិទាំងមូល។ ក្នុងករណីសាធារណជនជួបប្រទះបញ្ហាពាក់ព័ន្ធនឹងគុណភាពសេវាទូរគមនាគមន៍ អាចទាក់ទងមក និយ័តករ ទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) តាមរយៈលេខទូរសព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អីម៉ែល info@trc.gov.kh ឬតាមរយៈ កម្មវិធីទូរសព្ទចល័ត MPTC Speed Test ដែលអាចទាញយក (Download) មកប្រើដោយឥតគិតថ្លៃ ដោយស្វែងរកលើ App Store និង Play Store ឬ ស្កេន QR Code ដូចមានជូនខាងក្រោមនេះ៕