
ក្នុងជំនួបនេះ កម្ពុជា-អាមេរិក បានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា ផងដែរ។
ក្នុងឱកាសនៃជំនួប លោកមេបញ្ជាការ នៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាម៉េរិក បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា។ លោកមេបញ្ជាការ ក៏បានគោរពជម្រាបជូនសម្តេចបវរធិបតី នាយករដ្ឋមន្ត្រីថា ដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ បន្ទាប់ពីទស្សនកិច្ចរបស់ ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។
ជាមួយគ្នានោះ លោកមេបញ្ជាការ Samuel J. Paparo បានសម្ដែងនូវការពេញចិត្តដែលនាវា USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលនេះជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចតអស់រយៈពេល៨ឆ្នាំ កន្លងមក។ លើសពីនេះ លោកមេបញ្ជាការ បានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ បន្ថែមពីនេះ លោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌។
ជាការឆ្លើយតប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការចូលចតរបស់នាវា USS Savannah នេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីជឿជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តសហការជាមួយសហរដ្ឋអាមេរិកក្នុងការស្វែងកិច្ចសហការរុករកអដ្ឋិធាតុទាហានដែលបានបាត់ខ្លួននៅកម្ពុជា»។
សម្ដេចបវរធិបតី និងលោកមេបញ្ជាការ ក៏បានពិភាក្សាអំពីលទ្ធភាព នៃការបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពមួយចំនួនរួមមាន៖ ការបណ្ដុះបណ្ដាល, កិច្ចសហប្រតិបត្តិការលើការរក្សាសន្ដិភាពក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន ជាដើម៕