
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការណែនាំដល់សាធារណជន ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនពីជំងឺឆ្លងដ៏ឆាប់រហ័សបង្កដោយវីរុសណូរ៉ូ «Norovirus» ដែលជារៀងរាល់ឆ្នាំនៅលើសកលលោក អង្គការសុខភាពពិភពលោកបានរកឃើញមានចំនួន ៦៨៥ លានករណី បង្កដោយវីរុសនេះ និងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ២០០ ០០០នាក់ ក្នុងនោះមាន ២០០ លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ ហើយមានកុមារចំនួន ៥០ ០០០ នាក់ បានស្លាប់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា «ជាមូលហេតុចម្បងនៃវីរុសណូរ៉ូ គឺមានការក្អួត និងរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវ រលាកក្រពះពោះវៀន»។
ក្រសួងសុខាភិបាលបានឱ្យដឹងថា អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោកមាន ៦៨៥ លានករណី បង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០ នាក់ ក្នុងនោះដែរ ២០០ លានករណី កើតលើកុមារ អាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០ នាក់ បានស្លាប់។
ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។
ក្រសួងបញ្ជាក់ថា៖ «បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញា ជាទូទៅ កើតមានចន្លោះពី ១២ ទៅ ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ ឬប្រឈមនឹងវីរុសណូរ៉ូ។
ចំពោះរោគសញ្ញាភាគច្រើន មានរាក ក្អួតចង្អោរ ចុកពោះ និងអាចមានក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។
ភាគច្រើនជាសះស្បើយឡើងវិញក្នុងរយៈពេល ១ទៅ៣ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង២សប្តាហ៍ ឬលើសបន្ទាប់ពីជាសះស្បើយ»។
ក្រសួងបញ្ជាក់ទៀតថា៖ «មនុស្សអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដងក្នុងជីវិតពីព្រោះវីរុសណូរ៉ូ មានច្រើនប្រភេទ។
ការឆ្លងវីរុសណូរ៉ូមួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ។
អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាចមានផ្ទុកវីរុស។
កុមារអាយុក្រោម៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស»។
របៀបចម្លងនៃវីរុសណូរ៉ូ គឺរីករាលដាលយ៉ាងងាយ និងរហ័ស តាមវិធីផ្សេងៗគ្នា ដូចជាតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ, ការថែទាំអ្នកជំងឺ, ការចែករំលែកអាហារ, សម្ភារប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ, ពិសាអាហារ, ទឹក, ឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ, ការប៉ះវត្ថុ ឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល ២ សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ។
របៀបបង្ការវីរុសនេះ ក្រសួងសុខាភិបាល បានធ្វើការណែនាំឱ្យប្រជាពលរដ្ឋត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី ៦០ អង្សាសេ ស្នាក់នៅផ្ទះពេលឈឺរយៈពេល២ថ្ងៃ (៤៨ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។
បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នកបំផុត។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាលក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh៕

