
បាត់ដំបង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង និងសហការី បានអមដំណើរឯកឧត្តម ហ៊ុល បុណ្ណារិទ្ធ អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជានាយកគម្រោង (PMU) សហការីជាមន្ត្រីបច្ចេកទេស នៃអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ទីប្រឹក្សាបច្ចេកទេសនៃគម្រោង PIAC Consultants ក្រុមហ៊ុនម៉ៅការសាងសង់ CCECC Contractor និងក្រុមការងារពាក់ព័ន្ធគម្រោងជាច្រើនទៀត បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ដើម្បីដោះស្រាយ និងជំរុញការងារអនុវត្តគម្រោងដែលមានការយ៉ឺតយ៉ាវ និងបញ្ហាប្រឈមដើម្បីបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក។ សូមបញ្ជាក់ថា គម្រោងបានបើកដំណើរការសាងសង់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។
វិសាលភាពនៃគម្រោងរួមមាន៖ សាងសង់នូវស្ថានីយបូមទឹកឆៅ ១កន្លែង ,សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថភាព ៥០,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ
និងពង្រីកបំពង់មេចែកចាយទឹកស្អាត ប្រវែង ៩៤ គ.ម តាមការលើកឡើងរបស់ក្រុមការងារបានបញ្ជាក់ថា លទ្ធផលការងារអនុវត្តគម្រោងទើបតែសម្រេចបានក្នុងរង្វង់តែ ៦០% តែប៉ុណ្ណោះ។ ក្នុងនោះឯកឧត្តមឯកឧត្តម ហ៊ុល បុណ្ណារិទ្ធបានដាក់ផែនការឲ្យក្រុមហ៊ុនម៉ៅការសាងសង់ត្រូវពន្លឿនការងារសាងសង់ឲ្យបានលឿន តាមរយៈការធ្វើបច្ចប្បន្នភាព និងកែសម្រួលកម្មវិធីផែនការសកម្មភាពការងារឡើងវិញ ដើម្បីងាយស្រួលតាមដានជំរុញ និងអនុលោមតាមបទដ្ឋានបច្ចេកទេស។
សូមបញ្ជាក់ថា សមិទ្ធផលនៃគម្រោងទឹកស្អាតថ្មីនេះ រដ្ឋាករទឹកបាត់ដំបងអាចមានសមត្ថភាព បូករួម និងរោងចក្រផលិតទឹកស្អាតដែលបាននឹងកំពុងដំណើរការ រដ្ឋាករទឹកបាត់ដំបង មានសមត្ថភាពកើនដល់ទៅ ៨,៣៥២០ម៉ែត្រគូប ក្នុង១ថ្ងៃ និងបំពង់បណ្តាញទឹកស្អាត មានប្រវែងសរុប ៩២២ គីឡូម៉ែត្រ ដែលមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ មិនត្រឹមតែអាចគ្របដណ្តប់ក្នុងដែនសេវាកម្មអាជ្ញាបណ្ណ រដ្ឋាករទឹកបាត់ដំបងផ្ទាល់នោះទេ គឺអាចមានលទ្ធភាពចែកចាយនៅតំបន់ខាងក្រៅផ្សេងៗ ទៀត ដែលស្ថិតនៅជុំវិញនោះទៀតផង ជាតម្រូវការទឹកស្អាតដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍ក្រុង និងទីប្រជុំជននានា ក្នុងការលើកកម្ពស់សុខមាលភាពសាធារណៈ និងជីវភាពរបស់ប្រជាជនស្របតាមគោលនបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់លើផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕