2025-05-09 13:47
9

ភ្នំពេញ៖ ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្ដម José Ramos-Horta នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស «Grand Collar of the Order of Timor-Leste» ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅវិមានប្រធានាធិបតី។ 

ការបំពាក់គ្រឿងឥស្សរិយយសជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ពីសំណាក់ ប្រធានាធិបតី ក៏ដូចជារដ្ឋាភិបាលទីម័រឡេស្តេនាពេលនេះ គឺដើម្បីបង្ហាញនូវកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏ធំធេងរបស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេជាង២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

សូមជម្រាបថា សម្តេចតេជោបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលត្រចះត្រចង់៕