2025-05-10 16:07
9

KYIV៖ មេដឹកនាំនៃប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy សម្រាប់កិច្ចពិភាក្សានៅទីក្រុង Kyiv នាថ្ងៃសៅរ៍ ទី១០ ឧសភា នេះ ក្នុងការបង្ហាញការរួបរួមមួយថ្ងៃបន្ទាប់ពីលោក Vladimir Putin ធ្វើជាម្ចាស់ផ្ទះក្នុងពិធីដង្ហែទិវាជ័យជំនះនៅទីលានក្រហម។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ រ៉យទ័រ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នេះ។

យោងតាមប្រភពការទូតបារាំងបាននិយាយថា កិច្ចប្រជុំកំពូលនេះនឹងពិភាក្សាលើសំណើរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបសម្រាប់បទឈប់បាញ់រយៈពេល 30 ថ្ងៃក្នុងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលប្រសិនបើទីក្រុងមូស្គូបដិសេធនោះពួកគេនឹងរួមគ្នាដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី។

នេះគឺជាលើកទីមួយហើយដែលមេដឹកនាំនៃប្រទេសទាំងបួនគឺ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer, ប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់ Friedrich Merz និងនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បានធ្វើដំណើរទស្សនកិច្ចរួមគ្នាទៅកាន់អ៊ុយក្រែនបែបនេះ។

មេដឹកនាំទាំងបួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា "រួមជាមួយសហរដ្ឋអាមេរិក យើងអំពាវនាវឱ្យរុស្ស៊ីយល់ព្រមបទឈប់បាញ់រយៈពេល 30 ថ្ងៃពេញលេញ និងដោយគ្មានលក្ខខណ្ឌ ដើម្បីបង្កើតកន្លែងសម្រាប់កិច្ចពិភាក្សាស្តីពីសន្តិភាពដ៏ត្រឹមត្រូវនិងយូរអង្វែង" ៕