2025-05-12 14:27
16

ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនបានសាទរចំពោះវឌ្ឍនភាពដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៃការពិភាក្សាក្នុងការបិទទ្វារនៅប្រទេសស្វីស ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយការដាក់ពង្រាយពន្ធគយទូទាំងពិភពលោកយ៉ាងគឃ្លើនរបស់លោកប្រធានាធិបតីអាមេរិក Donald Trump តាំងពីខែមីនា កន្លងទៅ ក៏ដូចជាការសងសឹករបស់ចិនផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យម្សិលមិញ នៅឯទីក្រុងហ្សឺណែវរបស់ឯកអគ្គរដ្ឋទូតស្វីសប្រចាំអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បានប្រាប់អ្នកសារព័ត៌មានថា "លោករីករាយក្នុងការរាយការណ៍ថា យើងបានធ្វើឱ្យមានការវិវឌ្ឍយ៉ាងច្រើនរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មដ៏សំខាន់បំផុត" ។

ស្របគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ក៏បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវដែរ ដោយលោកបាននិយាយថា បរិយាកាសនៃកិច្ចពិភាក្សាជាមួយ Bessent និង Greer មានភាពស្មោះត្រង់ ស៊ីជម្រៅ និងខ្លឹមសារ ដោយបានបន្ទរភាសាស្រដៀងគ្នាពីគណៈប្រតិភូអាមេរិក។

បន្ថែមពីនេះ បន្ទាប់ពីមានកិច្ចពិភាក្សារួច ប្រទេសទាំងពីរបាននិយាយថាពួកគេនឹងចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីកិច្ចពិភាក្សានៅថ្ងៃចន្ទនេះទៀតផង។

លើសពីនេះ បន្ទាប់ពីថ្ងៃដំបូងនៃការចរចា លោក Trump បានបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់លោកថា ការពិភាក្សាគឺ "ល្អណាស់" ដោយពណ៌នាថាជា "ការកំណត់ឡើងវិញសរុបដែលបានចរចាក្នុងលក្ខណៈមិត្តភាព ប៉ុន្តែមានលក្ខណៈស្ថាបនា"។

គួរបញ្ជាក់ថា ចំពោះកិច្ចប្រជុំនេះបានកត់សម្គាល់ជាលើកដំបូងដែលមន្ត្រីជាន់ខ្ពស់មកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ បានជួបទល់មុខគ្នាដើម្បីដោះស្រាយប្រធានបទពាណិជ្ជកម្មចាប់តាំងពីលោក Trump បានដាក់ពន្ធថ្មីលើប្រទេសចិនកាលពីខែមុន មីនា ដែលបង្កឱ្យមានការសងសឹកយ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំងផងដែរ។

ក្នុងនោះប្រធានសេដ្ឋវិទូសកលលោក Nathan Sheets របស់ Citigroup បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា "កិច្ចពិភាក្សានេះឆ្លុះបញ្ចាំងថាស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងពន្ធខ្ពស់ខ្លាំងបំផុតទាំងនេះ គឺជាផលប្រយោជន៍របស់ទាំងសហរដ្ឋអាមេរិក និងប្រទេសចិន" ។ 

លោកក៏បានហៅពន្ធនេះថាជា«សំណើចាញ់ឈ្នះ»៕