
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានផ្តល់លូជំហាន ដំបូង១៥០កង់ ដេីម្បីកាយដាក់តាមប្រព័ន្ធប្រលាយលូរំដោះទឹកបញ្ចៀស ជំនន់ទឹកភ្លៀងនៅពេលដែលមានភ្លៀងធ្លាក់ ពិសេសនៅក្នុងរដូវវស្សា ក្រោយក្រុងប៉ោយប៉ែតរងនូវការជន់លិចដោយសារទឹកភ្លៀង។
ជាមួយគ្នា នោះឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្ដាលឱ្យទឹកភ្លៀង មានការហូរលិចលេីដងផ្លូវ និងប៉ះពាល់ទៅដល់ផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតកាលពីពេលកន្លងទៅ ដោយសារតែបញ្ហាស្ទះប្រព័ន្ធលូ មួយវិញទៀតបងប្អូនប្រជាពលរដ្ឋរៀបចំទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាហេតុធ្វេីឱ្យសំរាមបិទមុខទឹក។ ឯកឧត្តម ក៏បានបញ្ជក់ថា ហើយក្រុមការងារខេត្ត និងក្រុង ក៏ដូចជាជំនាញពាក់ព័ន្ធ កំពុងធ្វើការសិក្សាលម្អិតដើម្បីរកប្រភពនៃមុខទឹក រៀបចំនូវប្រព័ន្ធលូ បញ្ចៀសកុំឱ្យមានការស្ទះទឹក ធ្វើឱ្យជន់លិចលើផ្លូវ ប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង។
ជាក់ស្តែង នៅថ្ងៃទី១៣ ខែឧសភា ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមនឹងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក្រុមការងារសង្កាត់ បាននាំយកអេស្កាវ៉ាទ័រ កាយដាក់លូ នៅតាមទីតាំង ផ្លូវទាំង៣ខ្សែ ដែលជាមុខទឹកសំខាន់ក្នុងការសម្រួលដល់ចរន្តទឹកហូរបញ្ជូនទឹកបានលឿន។
ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត ឯកឧត្តម បណ្ឌិត ប៉ាន់ ខែមប៊ុនថន ក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែត ចូលរួមជាមួយនឹងអាជ្ញាធរ ពិសេសកុំចោលសំរាមទៅតាមប្រព័ន្ធលូ ជាហេតុធ្វើឱ្យកកស្ទះទឹក បណ្តាលឱ្យជន់លិចលើផ្លូវថ្នល់ និងប៉ះពាល់ដល់ផ្ទះបំបែងបងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ។ ហេីយឯកឧត្តម សុំការយោគយល់ ពីបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងពេលគ្រឿងចក្រដំណេីរការ រៀបចំប្រព័ន្ធ ប្រសិនបេីមានកុំរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាយោគយល់ ដេីម្បីជាផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ៕




