2025-07-01 14:53
24

ភ្នំពេញ៖ ក្នុងជំនួបជាមួយទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា៖ «ទោះបីពេលនេះ កម្ពុជា មិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ពិតមែន ប៉ុន្តែសម្ដេចបានប្រាប់ទៅកាន់ទីប្រឹក្សាពិសេសរូបនេះថា ដោយអាចប្រាប់ទៅនាយករដ្ឋមន្ត្រីជប៉ុន បានជ្រាប ហើយអាចឲ្យជប៉ុន ជំរុញភាគីថៃ ឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើយន្តការនៃច្បាប់អន្តរជាតិ ពោល គឺទៅកាន់តុលាការ ICJ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឲ្យ លោក Nagashima Akihisa សមាជិករដ្ឋសភា ជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងការសាទរ និងរីករាយចំពោះវត្តមានរបស់សមាជិកសភា និងជាទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេច បានចាត់ទុកដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រីជប៉ុននៅកម្ពុជា គឺជាផ្នែកមួយនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

នៅក្នុងឱកាសនោះ ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន បានសំដែងនូវក្ដីអរគុណចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឲ្យលោក និងសហការី បានជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយលោកបានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងជប៉ុន នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងបន្តរីកចម្រើនទៅមុខទៀត ។

លោក Nagashima Akihisa ក៏បានរំលេចអំពីទំនាក់ទំនងជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ គឺទទួលបាននូវផ្លែផ្កាដ៏ល្អ។ ជាមួយគ្នានេះ លោកក៏បានសំដែងនូវការអរគុណចំពោះកម្ពុជា ជាពិសេស សម្ដេចតេជោផ្ទាល់ ក្នុងការអនុញ្ញាតឲ្យនាវាជើងទឹករបស់ជប៉ុន បានចូលចតនូវកំពង់ផែរាមកាលពីពេលថ្មីៗនេះ ដែលជាផ្នែកដ៏សំខាន់ នៃការញ៉ាំងទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ អោយកាន់តែរីកចម្រើន។ ក្រៅពីនោះ លោកក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងកម្ពុជា និងជប៉ុន នៅក្នុងវិស័យដោះមីន ជាពិសេស គឺការចូលរួមចំណែករបស់ជប៉ុន ក្នុងការជួយដល់ការដោះមីន នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេស ចាប់តាំងពីជំនាន់ឯកឧត្តម ស៊ីនហ្សូ អាបេ ដែលមានការរីកចម្រើនខ្លាំងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយមកដល់ពេលនេះ គឺកម្ពុជា និងជប៉ុន បានឈានដ៏កម្រិតដៃគូយុទ្ធសាស្ត្រជាមួយគ្នា នៃកម្រិតទំនាក់ទំនងដ៏ខ្ពស់រវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានរំលេចអំពីភាពជោគជ័យរបស់សម្ដេចធិបតីកន្លងមកនៅប្រទេសជប៉ុន និងជាផ្នែកដ៏សំខាន់ក្នុងការអភិវឌ្ឍនៅទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងសេដ្ឋកិច្ច នយោបាយ និងយោធាជាមួយគ្នា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ទន្ទឹមនឹងនោះ សម្ដេចតេជោ ក៏បានកត់សម្គាល់ទាក់ទងទៅនឹងវិស័យដោះមីនផងដែរ ដោយសម្ដេចតេជោ បានរំលឹកថា កម្ពុជា នាពេលបច្ចុប្បន្ននេះ បានបញ្ជូនកងទ័ពរបស់ខ្លួន ទៅចូលរួមរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយក្នុងចំណោមកងទ័ព របស់កម្ពុជាភាគច្រើននោះ ត្រូវបានទៅជួយដោះមីននៅតាមបណ្ដាប្រទេសនានា ដែលជាផ្នែកជំនាញរបស់កម្ពុជា ដែលបានធ្វើកិច្ចការទៅលើការដោះមីន ហើយសម្ដេច ក៏មិនភ្លេចដែរនូវការអរគុណចំពោះភាគីជប៉ុន ពីព្រោះភាពជំនាញរបស់កម្ពុជា នៅក្នុងការដោះមីននេះ ក៏មានការរួមចំណែកជួយជ្រោមជ្រែងទាំងបច្ចេកទេស និងសម្ភារៈផងដែរ ដែលជួយដល់កងកម្លាំងរបស់កម្ពុជា ។

ទាក់ទងទៅនឹងបញ្ហាព្រំដែន សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុនបន្ថែមឱ្យបានយល់អំពីទិដ្ឋភាពជាក់ស្ដែងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងកើតមាន ដោយចាប់ផ្ដើមចេញពីការបាញ់ប្រហាររបស់ទាហានថៃ មកលើទាហានកម្ពុជាស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ និងការសម្រេចបិទព្រំដែនជាឯកតោភាគទី របស់ភាគីថៃ ដែលធ្វើឲ្យស្ថានភាព នៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ កាន់តែតានតឹងនាពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីចំណុចសំខាន់ ដើម្បីពន្យល់ទៅកាន់ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន ឱ្យបានជ្រាបពីទិដ្ឋភាពជាក់ស្ដែង ដែលបានកើតឡើងរវាងកម្ពុជា និងថៃនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានឆ្លៀតប្រាប់ទៅទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា កម្ពុជា មកដល់ពេលនេះ មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃទេ (ភាគីទី៣ នោះ គឺសំដៅទៅលើប្រទេសទី៣) ។ អ្វីដែលកម្ពុជា ត្រូវការនោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធី ពោល គឺតាមរយៈយន្តការ នៃច្បាប់អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ 

ក្នុងនោះ សម្ដេចតេជោ បានបញ្ជាក់ថា «ទោះបីពេលនេះ កម្ពុជា មិនទាន់ត្រូវការប្រទេសទី៣ ក្នុងការជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ក៏ពិតមែន ប៉ុន្តែសម្ដេចបានប្រាប់ទៅកាន់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនថា ដោយអាចប្រាប់ទៅនាយករដ្ឋមន្ត្រីជប៉ុន បានជ្រាប ហើយអាចឲ្យជប៉ុន ជំរុញភាគីថៃ ឲ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើយន្តការនៃច្បាប់អន្តរជាតិ ពោល គឺទៅកាន់តុលាការ ICJ»៕