2025-07-01 16:01
9

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានទៅកាន់ភាគីថៃ នឹងមានរឿងជាមួយកម្ពុជា បើសិនជាថៃ ហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ដែលជាតំបន់មិនទាន់ដាច់ស្រេច នឹងកំពុងរង់ចាំការសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិ។

ការព្រមានធ្ងន់ៗបែបនេះរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥ លានក្បាល ចូលបឹងទន្លេបាទី នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរកតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មាននរណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តនោះឡើយ។ ពោលគឺគ្រប់យ៉ាងត្រូវរក្សាឱ្យស្ថិតនៅក្នុងស្ថានភាពដដែល ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា៖ «ខ្ញុំសូមប្រកាសឱ្យហើយ កន្លែងតាមាន់ធំជាកន្លែងមិនទាន់ដាច់ស្រេច តាមាន់តូច តាក្របី មុំ៣ យើងទៅរកប្រព័ន្ធតុលការអន្តរជាតិដោះស្រាយ គ្មាននរណាមានសិទ្ធិឯកតោភាគីប្រកាសបិទកន្លែងហ្នឹងឈប់ឱ្យចូលទេ រក្សាស្ថានភាពដដែល។ ជាឯកតោភាគីហ៊ានតែបិទទ្វា មិនឱ្យប្រជាជនខ្មែរឡើងនឹងមានរឿង បន្ទាត់ក្រហមច្បាស់ ស្មើអ្នកឯងដាក់ច្រកឯកតោភាគីយកអាហ្នឹងទៅហើយ។ ហើយបើសិនជា គេអាចយកកន្លែងហ្នឹងបានជាឯកតោភាគី បានន័យថាយើងទទួលស្គាល់ផែនទីឯកតោភាគី ១/៥០.០០០ របស់ថៃ។ អ៊ីចឹងនៅតាមបណ្ដោយព្រំដែន ៨០០ គីឡូម៉ែត្រហ្នឹង កន្លែងណាទៀតដែលគេគូសចូល? អត់ទេ! MOU ឆ្នាំ២០០០ សន្ធិសញ្ញាបារាំង-សៀម, អនុសញ្ញាបារាំង-សៀម ១៩០៤, សន្ធិសញ្ញា ១៩០៧, យកមក! ចង់១/៥០.០០០, ១/១០០.០០០ មួយលើប៉ុន្មានវាអត់សំខាន់ទេ តែត្រូវយកផែនទីដើមហ្នឹងដើម្បីផ្ទេវាមក ១/២០០.០០០ ហ្នឹង ផ្ទេមកផែនទីហ្នឹងបានវាសុក្រឹត។ អ៊ីចឹង សូមបញ្ជាក់ កម្ពុជាចង់បានតែភាពត្រឹមត្រូវ អ្វីដែលស៊ីញ៉េហ្នឹងដៃ យើងអនុវត្តន៍ទៅ កុំស៊ីញ៉េហ្នឹងដៃលុបចោលហ្នឹងជើង»។

ទន្ទឹមគ្នានេះសម្ដេចបានបញ្ជាក់ជំហរថា កម្ពុជារង់ចាំធ្វើកិច្ចការជាមួយភាគីថៃ ដែលមានសិទ្ធិសម្រេចពិតប្រាកដ ហើយរង់ចាំឱ្យភាគីថៃ បើកច្រកព្រំដែនឱ្យដូចប្រក្រតីឡើងវិញជាឯកតោភាគីដោយមិនចាំបាច់ពិភាក្សាឡើយ ឱ្យដូចមុនស្ថានភាពថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នោះកម្ពុជា នឹងបើកឱ្យមានដំណើរការប្រក្រតីឡើងវិញតាមក្រោយ មិនលើសពី៥ម៉ោងនោះទេ។

សូមជម្រាបថា ច្រកព្រំដែនកម្ពុជា-ថៃនៅក្នុងខេត្តទាំង៧ ត្រូវបានបិទជាឯកតោភាគីដោយភាគីថៃ ចាប់ពីថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៥។ យានជំនិះទាំងអស់ត្រូវហាមឃាត់មិនឱ្យចេញ ឬចូលច្រកព្រំដែនកម្ពុជា-ថៃ ខណៈការធ្វើដំណើរទាំងអស់ រួមទាំងភ្ញៀវទេសចរ និងពាណិជ្ជកម្មគ្រប់ប្រភេទត្រូវបានហាមឃាត់ លើកលែងតែសិស្សសាលា អ្នកជំងឺ ឬសកម្មភាពមនុស្សធម៌មួយចំនួនប៉ុណ្ណោះ៕