2025-07-14 18:02
9

ថៃ៖ ប៉ូលិសថៃ បានចាប់ខ្លួនជនសង្ស័យបួននាក់ ក្នុងនោះ ជនជាតិចិនពីរនាក់ និងថៃពីរ នាក់ ពាក់ព័ន្ធនឹងការផ្សំគំនិតគ្នា បន្លំជាប៉ូលីសក្លែងក្លាយ ករណីចាប់ជំរិតនិងប្លន់ ជនជាតិ ចិនម្នាក់។

យោងតាមការចេញផ្សាយដោយ Bangkok Post បានឲ្យដឹងថា ហេតុការណ៍នេះ បាន កើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទីព្រឹក ថ្ងៃទី ១០ ខែកក្កដា ស្ថិតក្នុងទីតាំងខាង ក្រៅហាងគុយទាវមួយកន្លែង នៅផ្លូវប៉ាតាយ៉ាខាងជើង នៃប្រទេសថៃ។ 

ជនរងគ្រោះខាងលើ មានឈ្មោះ Lin Yifan អាយុ ៥២ឆ្នាំ ដោយដំបូងឡើយ ជនរងគ្រោះរូបនេះ ត្រូវបានបុរសមួយក្រុម អះអាងថា ជាប៉ូលីស និងបានបង្ខំឲ្យរូបគេចូលក្នុងរថយន្ត SUV ពណ៌ស។ យោងតាមពាក្យបណ្តឹងរបស់សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រុមជនល្មើសខាងលើ បានយកកាំភ្លើងភ្ជង់ជនរងគ្រោះដើម្បីប្លន់យកលុយ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀត ដែលសរុបមានលើសពី ២៣ ម៉ឺនបាត បន្ទាប់មកក៏បានទម្លាក់ជនរងគ្រោះចោលនៅចិញ្ចើមផ្លូវចម្ងាយប្រហែល ៩គីឡូម៉ែត្រ។

បន្ទាប់ពីពិនិត្យមើលវីដេអូ CCTV ប៉ូលីសថៃក៏បានចាប់ខ្លួនជនសង្ស័យ៤ នាក់ ក្នុងនោះ ជនជាតិចិនចំនួន ២នាក់ និងថៃ ២នាក់។ ក្រោយសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេត្រូវបានជួលដោយបុរសជនជាតិចិនម្នាក់ផ្សេងទៀត ក្នុងការបញ្ជាឲ្យពួកគេអនុវត្តបទឧក្រិដ្ឋនេះ។ អាជ្ញាធរថៃបានចេញបញ្ជាក់ករណីនេះថា ជនសង្ស័យមិន មានជាប់ពាក់ព័ន្ធនឹងប៉ូលិសខិលខូចណាមួយទេ ប៉ុន្តែពួកគេជាក្រុមក្មេងទំនើងដែលបង្ក ឡើងដោយចោរកម្មសុទ្ធសាធ។ ខណៈនេះ ករណីខាងលើកំពុងស្ថិតក្រោមការស៊ើបអង្កេតពីប៉ូលិសថៃនៅឡើយ៕