
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖ «កងកម្លាំងយោធាកម្ពជា ចំនួន ២១រូប ដែលត្រូវបានទាហានថៃ ចាប់ខ្លួនយកទៅនោះ ដែលមិនបញ្ចេញព័ត៌មានភ្លាមៗ គឺមិនមែនក្រសួងការពារជាតិលាក់បាំងនោះទេ គឺដោយសារថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងការពារជាតិមិនទាន់បានដឹងពិតប្រាដកអំពីសុវត្ថិភាព និងសុខទុក្ខ របស់បងប្អូនកងទ័ពរបស់យើង»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា៖ «ការគិតគួរចំពោះជោគវាសនារបស់កងកម្លាំងយើងដែលត្រូវបានចាប់ខ្លួន គឺរាជរដ្ឋាភិបាល និងក្រសួងការពារជាតិយកចិត្តទុកដាក់បំផុត ដើម្បីធានាឱ្យបានសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះការបញ្ចេញព័ត៌មានជាសាធារណៈអាចនាំឱ្យប៉ះពាល់ ឬគ្រោះថ្នាក់ដល់បងប្អូនកម្លាំងទៅវិញទេ»។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា៖ «ក្រោយមានព្រឹត្តិការណ៍ចាប់កងកម្លាំងកម្ពុជាទាំង២១រូប មេបញ្ជការភូមិភាគរបស់កម្ពុជា បានទំនាក់ទំនងជាប់ជាប្រចាំទៅកាន់មេបញ្ជាភូមិថៃ ដើម្បីធ្វើកិច្ចការងារនេះ ទាំងពីជោគវាសនា និងសុខសុវត្ថិភាពរបស់ពួកគាត់ ព្រមទាំងខិតខំប្រឹងប្រែងធ្វើការចរចារជាមួយភាគីថៃ ឱ្យបញ្ជូនពួកគាត់វិលត្រឡបមកកម្ពុជាវិញឱ្យបានឆាប់រហ័ស ប្រកបដោយសុវត្ថិភាព»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា៖ «រាល់ការបញ្ចេញព័ត៌មានរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ត្រូវគិតអំពីសុវត្ថិភាព និងជោគវាសនារបស់បងប្អូនកងកម្លាំងកម្ពុជាយើង ជាពិសេសពួកគាត់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុតជាចំណាប់ខ្មាំងបែបនេះ»៕


