2025-07-31 11:26
20

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើការបដិសេធសារជាថ្មីម្តងទៀត ដាច់អហង្ការចំពោះការចោទប្រកាន់ខុសពីការពិតរបស់ថៃអំពីការរំលោភបំពាន់ “បទឈប់បាញ់” បានឯកភាពគ្នាកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលក្រសួងការបរទេសថៃ ចេញផ្សាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ 

ការបដិសេធសារជាថ្មី របស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង ០៧និង០០ព្រឹក។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ «យោធារបស់កម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ បានរំលោភបំពានលើបទឈប់បាញ់ ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេស នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ។ 

កម្ពុជាសូមទាត់ចោលទាំងស្រុងការបន្តប្រឌិតអះអាងរបស់ថៃនេះ ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥»។ 

លោក ជុំ សុន្ទរី បានថ្លែងថា៖ «កម្ពុជាខិតខំព្យាយាមដោយស្មោះត្រង់ ដើម្បីបញ្ឈប់អរិភាព និងទប់ស្កាត់កុំឱ្យមានការបាត់បង់អាយុជីវិតបន្ថែមទៀត ក៏ដូចជាការរងទុក្ខវេទនារបស់ប្រជានជនជាជនស៊ីវិលដែលភៀសខ្លួនចេញពីជម្លោះនេះ។ 

កម្ពុជាស្វាគមន៍ការអន្តរាគមន៍យ៉ាងឆាប់រហ័សរបស់ម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ាន ដើម្បីបង្កើតនូវយន្តការផ្ទៀងផ្ទាត់ និងត្រួតពិនិត្យលើកិច្ចឈប់បាញ់គ្នានេះ»។

ដើម្បីបង្ហាញភាពស្មោះស្ម័គ្ររបស់ខ្លួនទៅកាន់សហគមន៍អន្តរជាតិ បានរៀបចំឱ្យមានទស្សនកិច្ចកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ សម្រាប់អ្នកការទូតបរទេស និងអនុព័ន្ធយោធាដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ចុះទៅសង្កេតការណ៍នៅតំបន់ព្រំដែនអានសេះ។ 

ក្នុងនោះក្រសួងការពារជាតិ បានបញ្ជាក់អំពីការស្តារឡើងវិញនូវសន្តិភាពនិងរក្សាចីរភាពនៃសន្តិភាព ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល។

អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងសារជាថ្មីថា៖ «ការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីរបស់គ្នាទៅវិញទៅមក»៕