
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កាលពីថ្ងៃទី៣០ ខែកក្កដា ម្សិលមិញ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូមិអង្គទូរបរទេស និងបណ្តាអនុព័ន្ធយោធាប្រចាំកម្ពុជា ចុះបំពេញទស្សនកិច្ចនៅកងពលធំអន្តរាគមន៍លេខ៣ តំបន់ព្រំដែនអានសេះ ខេត្តព្រះវិហារ និងឧត្តមានជ័យ ក្នុងគោលបំណងដើម្បីផ្តល់បច្ចុប្បន្នភាពស្ថានការណ៍តាមតំបន់ព្រំដែនអនុឡោមតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ នៅប្រទេសម៉ាឡេស៊ី។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង ០៧និង០០ព្រឹក លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា កំឡុងពេលបំពេញទស្សនកិច្ចនោះ គណៈប្រតិភូអង្គទូត និងអនុព័ន្ធយោធាប្រចាំកម្ពុជា បានទទួលនូវព័ត៌មានពិតដោយផ្ទាល់តាមតំបន់ដែលរងផលប៉ះពាល់ ដើម្បីវាយតម្លៃលើបញ្ហាទាំងនេះ។
តាមរយៈទស្សនកិច្ចនេះ កម្ពុជាចង់ផ្សព្វផ្សាយនូវតម្លាភាព ស្វែងយល់ពីស្ថានភាពឱ្យកាន់តែស៊ីជម្រៅ ដើម្បីបញ្ជាក់ឡើងវិញ នូវតម្លាភាព ការប្រព្រឹត្តដោយកាទទួលខុសត្រូវ និងការដោះស្រាយស្ថានភាពតានតឹងដោយសន្តិវិធី។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់សារជាថ្មីថា៖ «កម្ពុជាប្តេជ្ញានូវការអនុវត្តយ៉ាងពេញលេញ ប្រកបដោយភាពស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ។
កម្ពុជាគោរពតាមគោលការណ៍ស្នូលមានក្នុងកិច្ចព្រមព្រៀងរួមមាន៖ ការឈប់បាញ់បន្ទាន់ ការរក្សាទីតាំងកងទ័ព មិនបង្កើនទ័ព និងសព្វាវុធ ព្រមទាំងជំរុញឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា»។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តពីសម្តេចតេជោឈរលើអភិក្រម គឺ តម្កល់រក្សាអាយុជីវិត សេចក្តីសុខ និងផលប្រយោជន៍ប្រជាជនខ្ពស់បំផុត»៕
_1753936588.jpg)