2025-07-31 11:45
22

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា៖ ព្រឹត្តិការណ៍ដែលបានកើតមានកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៧និង៥០នាទីព្រឹក កងកម្លាំងយោធាកម្ពុជាចំនួន ២១ រូប ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយភាគីថៃ គិតត្រឹមព្រឹកថ្ងៃព្រហស្សតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានសព ០១រូប និង២០រូបទៀត ត្រូវបញ្ជូនត្រឡប់មកវិញ។

អ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង ០៧និង០០ព្រឹកនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «ជំហរដ៏រឹងមាំរបស់កម្ពុជា គឺការពារទឹកដី អាយុជីវិតរបស់ប្រជាពលរដ្ឋយើង ការពារសុខសន្តិភាព ដោយមិនអនុញ្ញាតិឱ្យមានសង្គ្រាមកើតឡើងសារជាថ្មីនោះទេ ដូចអ្វីដែលកម្ពុជា កំពុងខិតខំប្រឹងប្រែងធ្វើនាពេលបច្ចុប្បន្ននេះ។ ដូច្នេះប្រជាពលរដ្ឋត្រូវជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងរបស់កម្ពុជាយើងដែលកំពុងឈរជើងការពារទឹកដីយ៉ាងមុះមុត ក្លាយហាន ប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិ និងបន្តចរចារជាមួយភាគីថៃ ដើម្បីយកបងប្អូនកងកម្លាំងយើងយកមកវិញឆាប់បំផុត និងប្រកបដោយសុវត្ថិភាព»។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យភាគីថៃ ធ្វើយ៉ាងណាមើលការខុសត្រូវឱ្យបានល្អ ចំពោះទាហានខ្មែរដែលថៃបានចាប់យកទៅ និងឆាប់បញ្ជូនទាហានកម្ពុជាទាំងអស់រួមទាំងកម្លាំងផ្សេងៗទៀតមកវិញ ដោយសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ទោះស្ថិតកាលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា មិនបានបោះបង់កងកម្លាំង និងប្រជាពលរដ្ឋរបស់យើងចោលឡើយ ត្រូវរកគ្រប់មធ្យោបាយ ដើម្បីយកពួកគាត់វិលត្រឡប់មកវិញឱ្យបានប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ច័ន្ធ សុភ័ក្រ្ដា  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់ទៅគណៈប្រតិភូអង្គទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ក្នុងពេលចុះបំពេញទស្សនកិច្ចត្រួតពិនិត្យសា្ថនភាពជាក់ស្តែត ដើម្បីវាយតម្លៃផលប៉ះពាល់តាមតំបន់ព្រំដែនកម្ពុជា និងថៃ ដែលទាហានថៃបានប្រើកលល្បិចបក់ហៅទាហានកម្ពុជាចំនួន ២០នាក់ ទៅចាប់ដៃស្វាគមន៍គ្នា បន្ទាប់ពីមានបទឈប់បាញ់ ប៉ុន្តែក្រោយពីបាននិយាយសំណេះសំណាលដោយញញឹមរាក់ទាក់ ហើយសុំថតរូបជុំគ្នាជាមួយទាហានកម្ពុជា ស្រាប់តែទាហានថៃដែលបង្កប់ខ្លួននៅក្នុងព្រៃ ចេញមកព័ទ្ធភ្ជង់ទាហានខ្មែរទាំង២០នាក់ ដើម្បីចាប់ខ្លួន ប៉ុន្តែក្នុងនោះមានទាហានខ្មែរម្នាក់បានរត់រួចមកកាន់បន្ទាយវិញ។

លោក ច័ន្ទ សុភ័ក្ដ្រា បានប្រាប់បណ្ដាអនុព័ន្ធយោធាស្ថានទូត មានទាំងប្រទេសមហាអំណាចសរុបចំនួន ១៣ ប្រទេស ដែលចុះពិនិត្យស្ថានភាពនៃការអនុវត្តបទឈប់បាញ់នៅព្រំដែនចក្រអានសេះ ក្នុងចំណោមទាហានខ្មែរទាំងនោះ អាចមានទាហានពីរនាក់ ត្រូវបានទាហានថៃបាញ់ប្រហារ (មិនទាន់ដឹងស្លាប់ ឬរស់) បន្ទាប់ពីបានព័ទ្ធចាប់ខ្លួន។  លោកបានអះអាងបន្តថា រហូតមកទល់រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ៕