2025-08-01 12:30
16

ឧត្តមានជ័យ៖ កម្លាំងទាហានកម្ពុជា ចំនួន ០២ នាក់ ក្នុងចំណោម ១៨ នាក់ ដែលត្រូវបានយោធាថៃ ប្រើល្បិចបក់ដៃហៅដើម្បីចាប់ថៃស្វាគមន៍រួចភ្ជង់ព័ន្ធចាប់ ក្រោយបទឈប់បាញ់គ្នាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ចូលជាធរមាន ត្រូវបានភាគីថៃ បញ្ជូនមកដល់ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តមានជ័យ នៅវេលាម៉ោង ១០និង៥៦នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះហើយ និងអ្នកផ្សេងទៀតមិនទាន់បញ្ជូនមកនៅឡើយទេ។

កាលពីថ្ងៃទី៣១ ខែកក្កដាម្សិលមិញ អ្នកនាំពាក្យកងទ័ពថៃ បានអះអាងថា មេភូមិភាគទី២ របស់ខ្លួន នឹងសម្រេចដោះលេងទាហានកម្ពុជា ទាំង២០រូប ឱ្យមកកម្ពុជា ប៉ុន្តែមិនបានប៉ុន្មានម៉ោងស្រាប់ផ្លាស់ប្តូរ ៣៦០ ដឺគ្រេ គឺប្រគលឱ្យតែ២សិន ជាអ្នករងរបួស និង១៨នាក់ទៀត មិនទាន់បញ្ចប់និតិវិធីនៃសាកសួរ។ ការក្រឡិចក្រឡុចរបស់ភាគីថៃម្តងជាម្តងទៀត ហាក់ចង់បង្កឱ្យមានភាពស្មុកស្មាញ និងតានតឹងដាក់គ្នារវាងកងទ័ពកម្ពុជាសារជាថ្មី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ លោកឧត្តមសេនីយ៍ទោ ច័ន្ធ សុភ័ក្រ្ដា  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែងប្រាប់បណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ចំនួន ១៣ ប្រទេស ដែលធ្វើទស្សនកិច្ចដោយផ្ទាល់ពីផលប៉ះពាល់នៅព្រំដែនកម្ពុជា ដែលរងការបាញ់ប្រហារពីសំណាក់យោថថៃ ថា៖ «ក្រោយមានបទឈប់បាញ់គ្នាបន្ទាន់ ហើយបានចូលជាធរមាននៅពាក់កណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ទាហានថៃមួយក្រុម បានប្រើកលល្បិចបក់ហៅទាហានកម្ពុជា ចំនយន ២០រូប ទៅចាប់ដៃស្វាគមន៍គ្នា ប៉ុន្តែក្រោយពីបាននិយាយសំណេះសំណាលដោយញញឹមរាក់ទាក់ ហើយសុំថតរូបជុំគ្នាជាមួយទាហានកម្ពុជា ស្រាប់តែទាហានថៃដែលបង្កប់ខ្លួននៅក្នុងព្រៃ ចេញមកព័ទ្ធភ្ជង់ទាហានខ្មែរទាំង២០នាក់ ដើម្បីចាប់ខ្លួន ប៉ុន្តែក្នុងនោះ មានទាហានខ្មែរម្នាក់បានរត់រួច»