2025-09-03 16:12
16

ពោធិ៍សាត់៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) រួមមាន ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានចុះទៅកាន់ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាទីដែលទាហានថៃ បានដាក់រាយលួសបន្លា នាពេលកន្លងមក ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។

ក្រុមអ្នកសង្កេតការណ៍ IOT បានចុះមកតំបន់ព្រំដែន (ច១) ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនដែលទាហានថៃបានរាយបន្លាលួស ចំនួន ០២ កន្លែង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ត្រង់ចំណុចនិយាមការ WGS84(251264-1352330) ហើយកន្លែងនេះ ទាហានថៃ បានរាយមីន ជាប់និងបន្លាលួស និងនិយាមការ WGS84(251175-1352188) ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងភូមិសាស្ត្រ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បន្ទាប់ពីចាកចេញពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នារសៀលថ្ងៃទី០៣ ខែកញ្ញានេះដែរ បានបន្តចុះទៅដល់ច្រកទ្វាអន្តរជាតិចាំយាម ខេត្តកោះកុង ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់បន្តទៀត៕