
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានធ្វើការទាត់ចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលកម្ពុជាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខ»។
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបដិសេធទាំងស្រុងចំពោះព័ត៌មានមិនពិតខាងលើ និងបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន អង្គភាពជួរមុខទាំងអស់ តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព និងព្យាបាលជំងឺជាប់ជាប្រចាំ ជូនកងទ័ពជួរមុខ។ អង្គភាពសុខាភិបាលរបស់ក្រសួងការពារជាតិ ក្រសួងសុខាភិបាល អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានអង្គភាពជួរមុខ បាននិងកំពុងពិនិត្យព្យាបាលជំងឺជូនកងទ័ពជួរមុខជាប់ជាប្រចាំទាំងមុនពេល អំឡុងពេល និងក្រោយពេលប្រយុទ្ធ»។
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានបន្ថែមទៀតថា «ចំពោះស្ថានភាពជំងឺរបស់យោធិនដែលតម្រូវឲ្យមានការព្យាបាលកម្រិតស្រាល អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យយោធារបស់អង្គភាពជួរមុខ ចំពោះការព្យាបាលកម្រិតមធ្យម អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ថ្នាក់ស្រុក និងខេត្ត។ ចំពោះការព្យាបាលកម្រិតធ្ងន់ អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ នៅរាជធានីភ្នំពេញ»។
សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល សហការជាមួយអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់របស់កងយោធពលខេមរភូមិន្ទ បានបញ្ជូនក្រុមគ្រូពេទ្យប្រចាំការជាប់ជាប្រចាំនៅតាមទិសសមរភូមិមុខ ចាប់តាំងពីមុនពេលប្រយុទ្ធរហូតដល់បច្ចុប្បន្ន ថែមទាំងមានសម្ភារៈ គ្រឿងបំពាក់សុខាភិបាល និងថ្នាំពេទ្យឆ្លើយតបតាមតម្រូវការ៕


