2025-09-12 11:33
9

OREM រដ្ឋយូថាហ៍ ថ្ងៃទី១២ ខែកញ្ញា (រ៉យទ័រ)៖ ក្រុមអ្នកស៊ើបអង្កេតសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយរូបថត និងវីដេអូនៃបុគ្គលដែលគួរឲ្យសង្ស័យក្នុងការបាញ់សម្លាប់សកម្មជនដ៏មានឥទ្ធិពល និងមនុស្សជំនិតរបស់ ត្រាំ លោក Charlie Kirk ដោយបាននិយាយថា ពួកគេបានរកឃើញកាំភ្លើងដែលគេជឿថា ជនសង្ស័យបានប្រើប្រាស់ក្នុងការបាញ់សម្លាប់។

តាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១២ កញ្ញា នេះបានឲ្យដឹងថា FBI និងមន្រ្តីរដ្ឋ បាននិយាយថា ឃាតករបានមកដល់បរិវេណសាលាពីរបីនាទីមុនពេលលោក Kirk ចាប់ផ្តើមព្រឹត្តិការណ៍និយាយជាសាធារណៈ នៅខាងក្រៅចំពោះមុខមនុស្ស 3,000 នាក់ នៅសាកលវិទ្យាល័យ Utah Valley ក្នុង Orem នៃរដ្ឋ Utah ចម្ងាយប្រហែល 40 ម៉ាយល៍ (65 គីឡូម៉ែត្រ) ភាគខាងត្បូងទីក្រុងសលត៍លេក។

យោងតាមមន្ត្រីក្នុងរដ្ឋខាងលើបានប្រាប់សន្និសីទសារព័ត៌មានមួយថា វីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីសកម្មភាពមនុស្សម្នាក់ដើរឡើងជណ្តើរសម្ដៅទៅដំបូល មុនពេលធ្វើសកម្មភាពបាញ់ប្រហារលើ លោក Kirk ។ 

លោក Beau Mason ស្នងការសុវត្ថិភាពសាធារណៈនៃនាយកដ្ឋាន Utah បាននិយាយថា ក្រោយធ្វើសកម្មភាពបាញ់ប្រហាររួច ជនសង្ស័យនោះបានបន្សល់ទុកស្នាមបាតដៃ និងសម្ភារៈ DNA ផ្សេងទៀតនៅលើអាគារ ខណៈដែលបុគ្គលនោះសម្រូតខ្លួនចុះមកដល់ដីវិញ។

លើសពីនេះ FBI បានប្រកាសថានឹងផ្តល់រង្វាន់ 100,000 ដុល្លារ សម្រាប់ព័ត៌មានណាមួយដែលនាំពួកគេទៅដល់ការចាប់ខ្លួនឃាតករបាន៕