
ថៃ៖ កម្លាំងសន្តិសុខចម្រុះថៃ បានឡោមព័ទ្ធកន្លែងលាក់ខ្លួនមួយ ដែលសង្ស័យថាជាក្រុមបះបោរ ក្នុងភូមិហួយតាវ ភូមិ៧ ក្នុងសង្កាត់ Khuha នៃស្រុក Saba Yoi ខេត្តសុងក្លាភាគខាងត្បូង ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា។
ប្រតិបត្តិការនេះ ត្រូវបានផ្តួចផ្តើមឡើងដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ដែលបង្ហាញថា ក្រុមបះបោរកំពុងលាក់ខ្លួននៅក្នុងតំបន់ខាងលើ និងបានឈានដល់ការប្រយុទ្ធគ្នាដោយកាំភ្លើង នៅពេលដែលជនសង្ស័យបានបើកការបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខថៃមុន។
តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ Khaosod បានឲ្យដឹងថា លុះនៅព្រឹកថ្ងៃទី១២ ខែកញ្ញា វេលាម៉ោង១០និង៥០នាទីព្រឹកនេះ គេឮសូរគ្រាប់កាំភ្លើងពីលើភ្នំនៃកន្លែងក្រុមបះបោរលាក់ខ្លួនឡើងវិញ ប្រមាណជា១០នាទី ។
ក្រោយការបាញ់ប្រហារត្រូវបានបញ្ឈប់ មន្ត្រីថៃកំពុងធ្វើការស៊ើបអង្កេតបន្ថែម ដោយរាយការណ៍ថា អ្នកបះបោរម្នាក់ក្នុងចំណោមអ្នកបះបោរឯទៀតត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ។
ខណៈនេះអាជ្ញាធរថៃកំពុងបន្តការស៊ើបអង្កេតលម្អិតលើហេតុការណ៍នេះ។ បន្ថែមពីនោះ អាជ្ញាធរក៏បានព្រមាន ប្រជាជនថៃកុំឱ្យចូលទៅក្នុងតំបន់នោះផងដែរ៕