2025-09-12 16:22
10

គុនខ្មែរ៖ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង​​ ៦:៣០នាទីល្ងាចតទៅ នៅបរិវេណសួនឧស្សាហកម្ម វឌ្ឍនៈ១ ឃ្លាំង E តាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ ជឿជាក់ ថា នឹងក្លាយជាការប្រកួតដ៏កក្រើក នៅលើសង្វៀនគ្រុឌគុនខ្មែរ ប្រចាំសប្តាហ៍នេះ។

ចុងសប្ដាហ៍នេះ សង្វៀនគ្រុឌគុនខ្មែរ ក្រៅអំពីគូប្រកួតម៉ារ៉ាតុនដណ្ដើមពានរង្វាន់ រវាងគុនខ្មែរប៉ះគុនខ្មែរ និងការប្រកួតមិត្តភាពគុនខ្មែរ ក៏មានគូមិត្តភាពអន្តរជាតិមាន ២ គូ គឺ អ៊ុច ធារិទ្ធ ត្រូវជួបកីឡាករ អ៉ីរ៉ង់ ម៉ាហ៍ឌី ហ្ការីសវ៉ាន់ និង លន បញ្ញា ត្រូវជួបកីឡាករ អ៉ីរ៉ង់ ហ្វារីប៊ូស ហូសេនហ្សាដេ។ រីឯការប្រកួតចុងក្រោយ ដែលជាគូឯកប្រចាំព្រឹត្តិការណ៍ គឺជំនួបដណ្តើមខ្សែក្រវាត់ គ្រុឌគុនខ្មែរ ទម្ងន់ ៥៤ គីឡូក្រាម រវាងជើងខ្លាំង ប៊ុន សុធា ទល់នឹងកីឡាករ អាហ្គានីស្ថាន ហាត់គុនខ្មែរ ប៉ែនកាក់ យ៉ាស៊ីន។

គួរជម្រាបជូនថា ជំនួបគូដណ្ដើមខ្សែក្រវាត់នេះ ត្រូវបានខកខានម្ដងរួចហើយ ដោយសារតែ ប៉ែនកាក់ យ៉ាស៊ីន កាលណោះជាប់ប្រកួតដណ្ដើមខ្សែក្រវាត់ពីកម្មវិធីផ្សេងមួយទៀត ទើបត្រូវលុបចោលជំនួបដណ្ដើមខ្សែក្រវាត់ជាមួយ ប៊ុន សុធា ។ រាល់ការប្រកួតប្រដាល់គុនខ្មែរ ច្បាប់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចែងថា រាល់កីឡាករទាំងអស់មានសិទ្ធិចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់រាល់៣ខែម្ដង បន្ទាប់ពីបញ្ចប់ការប្រកួត។ ហើយកាលណោះ ក្រោយពីទទួលបានដំណឹងបែបនេះពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប៊ុន សុធា ក៏មានការខកចិត្តយ៉ាងខ្លាំង ខណៈដែលការជួបជើងខ្លាំងឡើងកូដបែបនេះ គឺជាក្ដីស្រម៉ៃក្នុងអាជីពអ្នកប្រដាល់។

ដូចនេះ អ្វីដែលកំពុងក្លាយជាការទន្ទឹងរង់ចាំខ្លាំងបំផុតសម្រាប់អ្នកគាំទ្រ គឺចង់ឃើញ ថា កីឡាករ ប៊ុន សុធា រង់ចាំគូព្រេងខ្លួនអស់រយៈពេល៣ខែកន្លងទៅ តើគេអាចសាងស្នាដៃរបស់ខ្លួនយកឈ្នះលើកីឡាករកំពុងឡើងកូដខ្លាំង ប៉ែនកាក់ យ៉ាស៊ីន ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់គ្រុឌគុនខ្មែរ  បានឬទេ?