
ថៃ៖ ទូកដឹកទេសចរណ៍ដឹកអ្នកដំណើរ ចំនួន ០៣ គ្រឿង បានរងការខូចខាត ក្នុងគ្រោះអគ្គិភ័យ នៅទន្លេចៅប្រាយ៉ា កំពង់ផែជិតវត្ត Ratchasingkhon ក្នុងសង្កាត់ Phraya Krai ស្រុក Bang Kho Laem ក្រុងបាងកក កាលពីល្ងាចថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ប៉ុន្តែមិនមានរបាយករណីស្តីពីការគ្រោះថ្នាក់ដល់អាយុជីវិមនុស្សស្លាប់ និងរបួសឡើយ។
ហេតុការណ៍ដំបូងកើតឡើងនាវេលាម៉ោង ០៦និង៤៣នាទីល្ងាច ថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយអគ្គិភ័យបានឆាបឆេះទូក ០១ គ្រឿង ជិតផែវត្ត Ratchasingkhon ក្នុងសង្កាត់ Phraya Krai និងប៉ុន្មាននាទីក្រោយមកទូក ចំនួន ០២ គ្រឿងទៀត បានឆេះបន្ត ប៉ុន្តែត្រូវក្រុមពន្លត់អគ្គិភ័យ និងសង្គ្រោះគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
លោក Thawisak Thiangthanasakdi អាយុ ៤៧ឆ្នាំ ជាអ្នកមើលការខុសត្រូវទូកទេសចរណ៍ បាននិយាយថា លោកបានឃើញអណ្តាតភ្លើងឆាបឆេះក្នុងបន្ទប់ទឹកនៅខាងក្រោយទូកមួយ។ គាត់បានចាប់យកបំពង់ពន្លត់អគ្គីភ័យចំនួនពីរ ដើម្បីបាញ់ទៅលើទូកក្បែរនោះ ដើម្បីការពារកុំឱ្យភ្លើងឆេះរាលដាល។ ទូកមួយត្រូវបានភ្លើងឆាបឆេះរួចទៅហើយ លុះប្រហែល២០នាទីក្រោយមក ក្រុមពន្លត់អគ្គីភ័យបានមក និងបាញ់ពន្លត់។
ចំពោះមូលហេតុ បង្កជាអគ្គិភ័យមិនទាន់ត្រូវបានគេដឹងទេ ប៉ុន្តែប៉ូលិសបើកការស៊ើបអង្កេតរួចហើយ ជុំវិញហេតុការណ៍នេះ៕