2025-09-15 11:41
10

ថៃ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅពន្ធនាគារកណ្តាល ខ្លងព្រែម ប្រទេសថៃ លោកវរសេនីយ៍ទោ Chain Kanchanapat អគ្គនាយករងនៃនាយកដ្ឋានកែតម្រូវ និងជាអ្នកនាំពាក្យនាយកដ្ឋានថៃ បានលាតត្រដាងពីការឃុំខ្លួនអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បន្ទាប់ពីនាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលបានសម្រេចបង្គាប់ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។ 

លោកវរសេនីយ៍ទោខាងលើ បាននិយាយថា បន្ទាប់ពីដាក់ឃុំខ្លួន លោក ថាក់ស៊ីន ឲ្យនៅដាច់ដោយឡែកម្នាក់ឯងរយៈពេល ៥ថ្ងៃ ដំណើរការសួរសុខទុក្ខ លោក ថាក់ស៊ីន ថ្ងៃនេះជាថ្ងៃដំបូង ហើយពន្ធនាគារបានប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិនៃការសួរសុខទុក្ខជាលក្ខណៈគ្រួសារ ដោយមិនមាន VVIP មកជួបគ្រួសារ លោក ថាក់ស៊ីន ឡើយ។

លោក Chain Kanchanapat បន្តថា លោកថាក់ស៊ីនត្រូវតែទៅសួរសុខទុក្ខដូចសាច់ញាតិរបស់អ្នកទោសដទៃទៀតដែរ។ គាត់ត្រូវតែដើរក្នុងជួរតែមួយ មុនពេលចូលបន្ទប់សួរសុខទុក្ខ ដែលគាត់អាចទំនាក់ទំនងតាមរយៈបង្អួចកញ្ចក់ដោយប្រើទូរស័ព្ទ។ ដោយសាច់ញាតិទាំងអស់អាចចូលក្នុងពេលដំណាលគ្នាបាន។

តាមការចុះផ្សាយពីសារព័ត៌មានស្រុកថៃ មានសេចក្តីរាយការណ៍ថា ការឃុំខ្លួនអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាទណ្ឌិតជាប់ទោស ដោយថ្មីៗនេះពន្ធនាគារបានផ្លាស់ប្តូរគាត់ទៅកាន់អង្គភាពថែទាំ ដែលរួមមានអ្នកទោសចាស់ជរានៅក្នុងនោះ។ បន្ថែមពីនោះ គាត់ក៏បានទទួលការកាត់សក់តាមការកំណត់ផងដែរ។ 

ដោយឡែក លោក ថាក់ស៊ីន មិនទាន់ត្រូវបានគេសុំឲ្យជួយការងារអ្វីទេ ដោយសារគាត់ត្រូវបានគេសុំឲ្យសម្រាក និងបន្ធូរអារម្មណ៍តានតឹងជាមុនសិន។

លើសពីនេះ វេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃនេះ សាច់ញាតិ និងក្រុមគ្រួសារ ស៊ីណាវ៉ាត្រា នឹងមកសួរសុខទុក្ខគាត់ជាលើកដំបូង៕