
បាត់ដំបង៖ បញ្ហាវិវាទដីធ្លី រវាងក្រុមហ៊ុនចិនមួយ ក្នុងភូមិសាស្ត្រ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាមួយប្រជាពលរដ្ឋដែលបានអូសបន្លាយអស់រយៈពេលប្រមាណ១០ឆ្នាំ ដំណោះស្រាយមិនចេញដោយសារអាជ្ញាធរឃុំ ស្រុក និងខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធហាក់គ្មានជំហរក្នុងការសម្របសម្រួល ដើម្បីពន្លឿនការដោះស្រាយវិវាទនេះឱ្យបានឆាប់ចប់នោះទេ គឺបណ្តែតបណ្តោយឱ្យមានអរិភាពកាន់តែស្មុកស្មាញ ដោយក្រោមហេតុផលថា “ថ្នាក់លើបានច្រានចោលឈប់ទទួលដោះស្រាយ” ប៉ុន្តែមានលិខិតផ្លូវការបញ្ជាក់ឡើយ។
ពាក់ព័ន្ធវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ ទោះបីជាភាគីនៃទំនាស់ទាំងក្រុមហ៊ុន និងប្រជាពលរដ្ឋដែលបានកំពុងអាស្រ័យផលលើដីរបស់ក្រុមហ៊ុនចិន បានស្រុះស្រួលគ្នាធ្វើលិខិត «សះជា» តាមគោលការណ៍នយោបាយ «ឈ្នះ-ឈ្នះ» ប៉ុន្តែអាជ្ញាធរឃុំដូនបា មិនស៊ីញ៉េលើលិខិតសះជានោះឡើយ ដោយអះអាងថា “ធ្វើតាមបទបញ្ជារបស់ថ្នាក់លើ” ប៉ុន្តែអាជ្ញាធរឃុំមិនបានបញ្ជាក់ឱ្យដឹងថាថ្នាក់លើរបស់គាត់ជានណាទេ? គេមិនដឹកថាថ្នាក់លើដែលលោកមេឃុំមិនហ៊ានបង្ហើបឈ្មោះនោះ មានតួនាទី អំណាច បុណ្យស័ក្តិប៉ុនណាឡើយ គាត់ជាចៅហ្វាយស្រុក ចៅហ្វាយខេត្ត រដ្ឋមន្ត្រី ឬអ្នកធំថ្នាក់ណា…នោះឡើយ?
លោក អ៊ុម វ៉ារី មេធាវីតំណាងដោយអាណត្តិក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានថ្លែងប្រាប់ឱ្យដឹងថា៖ ករណីវិវាទដីធ្លីរបស់ក្រុមហ៊ុនមានទំហំ ៤០៦៧ ហិកតា ស្ថិតក្នុងភូមិសាស្ត្រភូមិគោករកា ឃុំដូនបា និងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានលិខិតផ្ទេរសិទ្ធត្រឹមត្រូវស្របតាមច្បាប់មានការស៊ីញ៉េទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ស្រុក និងការិយាល័យភូមិបាល តាំអពីកំឡុងឆ្នាំ២០១០ និងក្រោយមកក្រុមហ៊ុនបានប្រគល់សិទ្ធឱ្យលោក ស៊ុន សុផល (អតីតីមន្ត្រីយោធាភូមិភាគទី៥) បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តកោះកុង មានទីលំនៅភូមិរំចេកទី៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង គ្រប់គ្រង និងថែរក្សាមើលការខុសត្រូវ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។ បន្ទាប់មកលោក ស៊ុន សុផល ប្រគល់សិទ្ធបន្តឱ្យលោក ធីម សុគន្ធ ជាអ្នកមើលការបន្តនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ ក៏មានការរំលោភបំពានជាបន្តបន្ទាប់បង្កឱ្យមានវិវាទស្មុកស្មាញរហូតដល់បច្ចុប្បន្ននេះ។
លោកមេធាវីបានបញ្ជាក់ថា៖ ក្រោមការគ្រប់គ្រងដោយបុគ្គល ធីម សុគន្ធ បានគុបគិតជាមួយអាជ្ញាធរភូមិ ឃុំ និងអ្នកមានអំណាច បានលួចអង្កត់ដីរបស់ក្រុមហ៊ុនជាឡូត៍លក់-ដូយ៉ាងអនាធិបតេយ្យ ចែកគ្នាគ្រប់គ្រងឱ្យទៅសាច់ ញាតិ បងប្អូន និងផ្នែកខ្លះទៀត លួចធ្វើប្លង់កម្មសិទ្ធ។ លុះក្រោយមកទើបបែកធ្លាយរឿងរ៉ាវក្រុមហ៊ុនចុះមកមើលដីធ្លីដែលបានទិញនោះ ទើបដឹងថាត្រូវក្រុមជនខិលខួចរំលោភយកអស់គ្មានសល់ ក៏ចាប់ផ្តើមដាក់បណ្តឹង ដើម្បីសើរើ និងចាត់តំណាងឱ្យចូលសម្របសម្រួលដោះស្រាយតាមយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» ប៉ុន្តែការដោះស្រាយគ្មានប្រសិទ្ធភាព ព្រោះអាជ្ញាធរឃុំ ស្រុក និងខេត្តហាក់ប្រងើយកន្តើយមិនទទួលដោះស្រាយ។
លោក អ៊ុម វ៉ារី បានលើកឡើងថា ករណីទំនាស់ដីធ្លីរបស់ក្រុមហ៊ុនជាមួយប្រជាពលរដ្ឋនោះ លោកបានដាក់លិខិតអន្តរាគមន៍ទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីស្វែងរកដំណោះស្រាយរឿងហេតុ ស្របតាមគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
លោកមេធាវីបានបន្តទៀតថា ក្នុងអង្គប្រជុំស្វែងរកដំណោះស្រាយរវាងក្រុមហ៊ុនចិន និងប្រជាពលរដ្ឋ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានលើកឡើងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង សះជា បញ្ចប់វិវាទ តាមយុត្តិសាស្រ្ត ឈ្នះ-ឈ្នះ ថាៈ ត្រូវ “ធ្វើកំណត់ហេតុបញ្ចប់ច្បាស់លាស់ និងមានការដឹងឮពីអាជ្ញាធឃុំ បានឃើញនិងឯកភាពថា ភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់វិវាទផង ហើយដាក់បង្គោលព្រំឲ្យបានត្រឹមត្រូវ”។
លោកមេធាវីតំណាងក្រុមហ៊ុនចិនបានបន្ថែមថា កន្លងមកមានប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារហើយ ដែលបានមក សះជា បញ្ចប់វិវាទជាមួយក្រុមហ៊ុន ហើយគ្មានបញ្ហាក្នុងការចុះហត្ថលេខារបស់អាជ្ញាធរឃុំនោះដែរ។ ប៉ុន្តែក្នុងឆ្នាំ២០២៥ថ្មីនេះ ប្រជាពលរដ្ឋបានមក សះជា បញ្ចប់វិវាទជាមួយក្រុមហ៊ុនហើយ តែមេឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មិនព្រមចុះហត្ថលេខាដឹងឮនោះទេ ដោយគាត់លើកឡើងថា អ្នកនេះមិនឲ្យចុះហត្ថលេខា អ្នកនោះមិនឲ្យចុះហត្ថលេខាជាដើម ដែលការលើកឡើងនេះផ្ទុយទៅនឹងស្មារតីអង្គប្រជុំកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាស្រុកគាស់ក្រឡ។
ពាក់ព័ន្ធរឿងរ៉ាវអាជ្ញាធររដ្ឋបាលឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មិនស៊ីញ៉េ ដើម្បីដឹងឮលើលិខិតសះជានេះ ក្រោមហេតុផល និងឡេះគ្រប់រូបភាព នៅថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៥ លោក ចិន សំអន មេឃុំដូនបា ស្រុកគាស់ក្រឡ បានថ្លែងប្រាប់បញ្ជាក់ថា៖ «រឿងនេះលោកមិនហ៊ានធ្វើអត្ថាធិប្បាយនោះទេ ព្រោះខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ថ្នាក់លើ ព្រោះគាត់ថាដីដែលកំពុងមានទំនាស់នោះ ជាដីរបស់រដ្ឋ បើស៊ីញ៉េទៀត គឺខុស»។ លោក ចិន សំអន បានបញ្ជាក់ថា៖ «លោកមិនហ៊ានស៊ីលើលិខិតសះជានោះទេ ព្រោះកន្លងមកលោកធ្លាប់មានកំហុសឆ្គង»។
ជុំវិញករណី ក្រុមហ៊ុនចិន មានឈ្មោះ អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល ដែលបានប្រមូលទិញដីកសិកម្មជាង ៤ពាន់ហិកតា ក្នុងភូមិគោករកា ឃុំដូនបា និងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ កាលពីកំឡុងឆ្នាំ២០០៦, ២០០៧, ២០០៨ និងបានផ្ទេរសិទ្ធកាន់កាប់ដីធ្លីស្របច្បាប់ ដោយស៊ីញ៉េទទួលស្គាល់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភូមិ ឃុំ ស្រុក និងភូមិបាលស្រុក ព្រមទាំងដឹងឮដល់ថ្នាក់ខេត្តក្នុងកំឡុងឆ្នាំ២០១០ផងដែរ។ រឿងនោះ លោក ចិន សំអន មេឃុំដូ បានឆ្លើយតបថា៖ «ការស៊ីញ៉េទទួលស្គាល់លើលិខិតទិញ-លក់ និងផ្ទេរសិទ្ធនាពេលកន្លងមក គឺលោកអត់បានដឹកថាដីទាំងនោះជាដីរបស់រដ្ឋនោះទេ ប៉ុន្តែដល់ពេលមានលោកកំហុសឆ្គង ហើយថ្នាក់លើធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យពីមន្ត្រីជំនាញបញ្ជាក់ថា ដីនេះជាដីរបស់រដ្ឋ ទើបថ្នាក់លើឱ្យបញ្ឈប់ស៊ីញ៉េលើលិខិតសះជា»។ (វីដេអូទី១)
ឆ្លើយតបទៅនឹងការបង្ហាញថាលោក ចិន សំអន រងការដាក់កំហុសពីថ្នាក់លើនោះ លោកមេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុនចិន បានលើកឡើងថា «តាមខ្ញុំដឹង លោកមេឃុំដូនបា រងការស្តីបន្ទោសពីថ្នាក់លើនោះ គឺ មិនមែនរឿងគាត់ចុះហត្ថលេខាលើដី “សះជា” បញ្ចប់វិវាទ ជាមួយក្រុមហ៊ុននោះទេ ព្រោះនេះជាស្មារតីអង្គប្រជុំថ្នាក់ស្រុក ដែលបង្ហាញផ្លូវដោយឯកឧត្តមអភិបាលខេត្តបាត់ដំបងកាលពីឆ្នាំ២០២២។ លោកបានបន្ថែមថា អ្វីដែលថ្នាក់លើស្តីបន្ទោសឲ្យលោកមេឃុំដូនបានោះ មកពីលោកមេឃុំនៅតែបន្តចុះហត្ថលេខាលើ លិខិតលក់-ទិញ លើដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុន។ ជាក់ស្តែងដីចំនួន១៦ហិកតា ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន លោកមេឃុំលបលួចចុះហត្ថលេខា និងប្រកាសដាក់លក់ ដោយលើកឡើងថា នោះជាដីរបស់លោក ចៅ ជាតិ ស្មៀនឃុំដូនបា តែត្រូវបានបដិសេធដោយលោក ចៅ ជាតិ ថាលោកនោះមិនមែនជាដីរបស់លោកទេ។ នេះបង្ហាញឲ្យឃើញថាលោកមេឃុំដូនបា ប្រើឡេះយកឈ្មោះគេមកប្រើ ដើម្បីកាងដីក្រុមហ៊ុនលក់ ដោយបំពាននឹង សជណ របស់ក្រសួងមហាផ្ទៃ, សជណ របស់សាលាខេត្តបាត់ដំបង និង សជណ របស់សាលាស្រុកគាស់ក្រឡ។
លោកមេធាវីបន្ថែមថា លោកមេឃុំថានោះជាដីរដ្ឋ! តែតាមលោកមេធាវីដឹង ថ្មីៗនេះលោកមេឃុំនៅតែចុះហត្ថលេខាលក់ដីរដ្ឋ ដោយមានការចូលរួមពីលោក ម៉ម សង មេភូមិគោករកា ជាបន្តបន្ទាប់ រហូតដល់តំណាងក្រុមហ៊ុនរកឯកសារឃើញ ហើយដាក់ពាក្យបណ្តឹងទៅស្រុកជាបន្តបន្ទាប់ លោកនៅតែឆ្លើយថាលោកមិនបានដឹងផង!!។ ជាមួយគ្នានេះលោកមេធាវីអះអាងថា ក្រុមហ៊ុនចិនបានទិញដីនោះអស់រាប់លានដុល្លារតាំងពីឆ្នាំ២០០៦ មកម្លេះ ហើយមានឯកសារគតិយុត្តត្រឹមត្រូវស្របតាមច្បាប់ភូមិបាលឆ្នាំ២០០១ ទៀតផង៕






