2025-09-16 10:31
4

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឡោព័ន្ធអគារខនដូមួយកន្លែង មានឈ្មោះ «HANA Apartment» ក្នុងទឹកដីខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនបរទេសជិត ៥០ នាក់ ពាក់ព័ន្ធករណី «ឆបោកតាមប្រព័ន្ធអនឡាញ»។ 

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ០១រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថិតនៅទីតាំង អគារ «HANA Apartment» ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងប្រមូលផ្តុំជនបរទេសស្នាក់នៅដោយខុសច្បាប់។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ៤៨ នាក់ (ស្រី១០នាក់) រួមមាន៖ ជនជាតិកូរ៉េខាងត្បូង, នេប៉ាល់, បង់ក្លាដែស និងជនជាតិខ្មែរ ចំនួន ១៣ នាក់ (ស្រី០៥នាក់)។ ប្រតិបត្តិការនេះ សមត្ថកិច្ចរឹបអូសបានវត្ថុតាងមានកុំព្យូទ័រ ចំនួន ៦០ គ្រឿង ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងលិខិតឆ្លងដែន ចំនួន ៣៥ ក្បាល។

បច្ចុប្បន្ន ជនសង្ស័យទាំង៤៨នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕