
ភ្នំពេញ៖ ជាការឆ្លើយទៅនឹងការលើកឡើង របស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ ករណីការតាំងទីលំនៅរបស់ពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត របស់ថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា «កម្ពុជា បានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ តាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥ កម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ភាគីទាំងពីរក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ និងបញ្ហាដែលនៅសេសសល់គួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) និងតាមយន្តការ MoU 2000»។
នារសៀលថ្ងៃអង្គារ ទី១៦ ខែកញ្ញានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគេហទំព័រផ្លូវការមួយចំនួន ក្នុងនោះរួមមាន គេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។
សូមជម្រាបថា នៅថ្ងៃទី១៦ ខែកញ្ញានេះ កងទ័ពជើងទឹកថៃ បានប្រកាសតវ៉ាដោយចោទកម្ពុជាថាបានចូលទន្ទ្រានទឹកដីថៃ ចំនួន ០៣ ចំណុច ក្នុងខេត្តត្រាត ដែលមានព្រំប្រទល់ជាប់ខេត្តកោះកុងនៃប្រទេសកម្ពុជា។ ភាគីថៃបានយកផែនទីគូសជាឯកតោភាគី ខ្នាត ១/៥០ ០០០ មកធ្វើជាសំអាង ដើម្បីចោទកម្ពុជា។ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យបានបញ្ចេញប្រតិកម្មភ្លាមៗតបនឹងការចោទរបស់កងទ័ពជើងទឹកថៃផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា៖ «កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ តាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥ កម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ យើងក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ»។ ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា «បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពី ការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)»។
ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផល ដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។
ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕



